អាជ្ញាធររាជធានីភ្នំពេញ ចុះទៅពិនិត្យមើល ស្ថានីយ៍បូមទឹកចំនួន ៣កន្លែង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ សីហា ២០១៥) ៖ ស្របពេលដែលទឹកទន្លេមេគង្គ និងទន្លេសាប ចាប់ផ្តើមឡើងជាបណ្តើរៗ កាលពីព្រឹកថ្ងៃទី៩ ខែសីហា លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីមន្ទីរសាធារណការ ក៏ដូចអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះទៅពិនិត្យមើល ស្ថានីយ៍បូមទឹកចំនួន ៣ កន្លែង រួមនឹងប្រព័ន្ធប្រឡាយបង្ហូរទឹក នៅប៉ែកខាងជើងរាជធានីភ្នំពេញ។
នៅពេលចុះទៅពិនិត្យមើល ស្ថានីយ៍បូមទឹក លោក អភិបាល បានណែនាំឲ្យបញ្ឈប់ ការបង្ហូរទឹក ដែលហូរចេញ ពីទីតាំងបូមខ្សាច់មួយ កន្លែង នៅក្បែរស្ថានីយបូមទឹក គីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដែលជាហេតុបន្ថែមបន្ទុក កាន់តែធ្ងន់ធ្ងរ ដល់ប្រព័ន្ធប្រឡាយ ដែលកំពុងតែទទួលរងទឹកភ្លៀង និងទឹកទន្លេ នាពេលនេះ។
ដោយឡែកនៅស្ថានីយបូមទឹកកប់ស្រូវ ពេលនេះ កំពុងដំណើរការបូមទឹក ជាប្រចាំ សំរាប់ម៉ូទ័រទាំង ៥ គ្រឿង ដែលមានសមត្ថភាពបូមបាន ១៤ ម៉ែត្រគូប ក្នុង ១ វិនាទី។
ជាស្ថានីយខ្នាតធំមួយ នៅប៉ែកខាងជើង រាជធានីភ្នំពេញ ពិសេសដំណើរការបូម នៅពេលកំពស់ទឹកនៅ ខាងមុខស្ថានីយ ៥,៧០ ម៉ែត្រ។ ស្ថានីយមួយនេះ មានតួនាទីសំខាន់ ក្នុងការរំដោះទឹកចេញ ពីភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ នៅប៉ែកខាងជើង មហាវិថីសហព័ន្ធរុស្ស៊ី ជាដើម។
សូមបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ បណ្តាស្ថានីយបូមទឹកទាំង ១១ ក្នុងរាជធានីភ្នំពេញ ក៏ដូចជា ប្រព័ន្ធប្រឡាយបង្ហូរទឹក កាន់តែមានភារកិច្ចចម្បង នៅពេលមានជំនន់ទឹកភ្លៀង នៅប៉ែកខាងក្នុង និងទឹកទន្លេឡើង នៅប៉ែកខាងក្រៅ៕