របបរាជានិយមនៅប្រទេសប្រ៊យណេ
ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah)Reuters
ព្រុយណេជារាជាណាចក្រដ៏តូចមួយ នៅប៉ែកខាងជើងនៃកោះប័រនេអូ(Bornéo) បានទទួលឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៨៤ និងឋិតនៅក្រោមការគ្រប់គ្រងជាង៤០ឆ្នាំកន្លងមកហើយ របស់ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែលជាក្សត្រផង ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិផង។
គឺនៅក្នុងបរិបទបែបនេះហើយ ដែលស៊ុលតង់អាស្សាណាល បូលក្ចាអាចគ្រប់គ្រងប្រទេសបានជាងបួនទសវត្សរ៍កន្លងមកហើយ ដោយគ្មានបក្សជំទាស់ គ្មានសេរីភាពសារព័ត៌មានហើយក៏គ្មានដែរអ្នកទោសនយោបាយ។ តាំងពីបានឯករាជ្យនៅឆ្នាំ១៩៨៤មក សមាសភាពរបស់រដ្ឋាភិបាលត្រូវបានរុះរើតែម្តងគត់ គឺនៅខែឧសភាឆ្នាំ២០០៥។ កាលណោះ បុត្ររបស់ស៊ុលតង់អាស្សាណាល បូលក្ចា បានទទួលតំណែងជា”ឧត្តមរដ្ឋមន្រ្តី”មានឋានៈលំដាប់ទី២នៅក្នុងជួរ រដ្ឋាភិបាល។
ក៏ប៉ុន្តែប្រជាជនព្រុយណេ មិនអាចបន្តរស់អ៊ីចឹង ក្នុងភាពសម្បូរសប្បាយយូរលង់តទៅមុខបានទេ ពីព្រោះនៅយ៉ាងយូរ២០ឆ្នាំទៀតខាងមុខនេះ អណ្តូងប្រេងកាតទាំងប៉ុន្មាននឹងត្រូវរីងស្ងួត រីឯឧស្ម័នធម្មជាតិវិញក៏នឹងត្រូវអស់រលីង នៅ៣០ឆ្នាំទៀតខាងមុខនេះដែរ។
ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងទស្សនវិស័យនៃការអស់ប្រេងកាតនិងអស់ ឧស័្មនធម្មជាតិនេះ ការិយាល័យរបស់ស៊ុលតង់ដែលជាស្ថាប័នក្តាប់អំណាចសឹងទាំងស្រុង បានផ្សព្វផ្សាយជាសាធារណៈ នៅខែមករាឆ្នាំ២០០៨ ផែនការមួយដែលគេប្រសិទ្ធិនាមឲ្យថា «ចក្ខុនិមិត្តសម្រាប់ព្រុយណេ នៅឆ្នាំ២០៣៥»។
ផែនការនេះគ្រោងបង្កើត នៅគ្រប់ទីកន្លែងក្នុងប្រទេសសកម្មភាពសេដ្ឋកិច្ចថ្មី ដែលមិនទាក់ទងសោះឡើយទៅនឹងវិស័យថាមពល រួមមានជាអាទិ៍ បច្ចេកវិជា្ជខាងព័ត៌មានវិទ្យា និងធនាគារ។ ទន្ទឹមនេះ ស៊ុលតង់អាស្សាណាល បូលក្ចា ក៏គ្រោងបង្កើនគុណភាពនៃប្រព័ន្ធអប់រំជាតិដែរ ដោយចង់ពង្រីកចំណេះដឹងរបស់អនាគតប្រជាជនសកម្ម ឲ្យចេះបង្កើតនិងដឹកនាំក្រុមហ៊ុនខ្នាតតូចនិងខ្នាតមធ្យម។ ក្រៅពីនេះ ផែនការ«ចក្ខុនិមិត្តសម្រាប់ ឆ្នាំ២០៣៥» ក៏គ្រោងថានឹងលើកស្ទួយវិស័យឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មផលិតAluminium និងឧស្សាហកម្មផលិតMéthanol ។ល។និង។ល។ ការិយាល័យរបស់ស៊ុលតង់ អាស្សាណាល បូលក្ចា ថែមទាំងបានទាំងអះអាងថា ផែនការនេះនឹងធ្វើឲ្យព្រុយណេ អាចចូលទៅក្នុងក្រុមបណ្តាប្រទេសអ្នកមានជាងគេទាំង១០ នៅក្នុងពិភពលោក នៅឆ្នាំ២០៣៥ទៀតផង។
យ៉ាងណាក៏ មានតែគំនិតមិនគ្រប់គ្រាន់ទេ ត្រូវចេះអនុវត្តវាថែមទៀត។ ហើយការអនុវត្តន៍ជាក់ស្តែងនឹងច្បាស់ជាប្រទះនឹងបញ្ហាមួយចំនួនសែន ស្មុគស្មាញ។ បញ្ហាទីមួយ គឺរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចព្រុយណេបច្ចុប្បន្ន រចនាសម្ព័ន្ធសេដ្ឋកិច្ចដែលស្ពឹក គ្មានថាមភាព និងគ្មានប្រសិទ្ធិភាព។
ដោយហេតុតែព្រុយណេជាប្រទេសមានស្តុកស្តម្ភ រស់ដោយកម្រៃបានមកពីប្រេងកាតនិង ឧស្ម័ន ៧៥%នៃប្រជាជនសកម្មរបស់ប្រទេសនេះ ជាមន្ត្រីរាជការមិនសូវរហ័សរហួនក្នុងការងារ។ មិនតែប៉ុណ្ណោះ រាល់សំណុំរឿងនយោបាយ សេដ្ឋកិច្ចនិងយោធា និងសូម្បីតែការចំណាយរបស់រដ្ឋដែលមានកម្រិតលើសពី២ ៥០០០ដុល្លារឡើងទៅ ត្រូវតែឆ្លងកាត់តាមស៊ុលតង់អាស្សាណាល បូលក្ចា ទាំងអស់ ជាហេតុធ្វើឲ្យអភិក្រមនៃសេចក្តីសម្រេចចិត្តប្រើពេលវែងឆ្ងាយនិង អូសបន្លាយយូរ។
ម៉្លោះហើយ ដើម្បីប្រឈមមុខនឹងអនាគតកាល ដែលមិនច្បាស់ជាមានភាពត្រចះត្រចង់ ដូចពេលនេះទេ ថ្នាក់ដឹកនាំព្រុយណេ និយាយឲ្យចំស៊ុលតង់ អាស្សាណាល បូលក្ចា ត្រូវតែចេះបណ្តុះបណ្តាលពីឥឡូវទៅឲ្យហើយគំនិតផ្តួចផ្តើមនៅក្នុង ស្មារតីរបស់ប្រជាជន និងជាពិសេសចេះចែករំលែកអំណាច ពីការិយាល័យរបស់ស៊ុលតង់ទៅឲ្យស្ថាប័ននេះ ឬស្ថាប័ននោះកាន់កាប់ខ្លះ៕ (ដោយ តាន់ ហ្សង់-ហ្វ្រង់ស្វ័រ / RFI)