ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​ពេល​ស្តារ​ប្រឡាយ​នៅ​មុខ​បុរី​ពិភព​ថ្មី​កំបូល

សារព័ត៌មាន Cambodia News

ប្រជាពលរដ្ឋ កម្មករនិងសមត្ថកិច្ចរាប់រយនាក់នាំគ្នាផ្អើលមើលការប្រឈមមុខដាក់គ្នា ដែលក្រុមហ៊ុនបុរីពិភពថ្មីរារាំងមិនឲ្យក្រុមហ៊ុន អេហ្សិត ជីកកាយ និងស្តារប្រឡាយស្របតាមផ្លូវជាតិលេខ៤នៅមុខបុរីនេះ។
ប្រជាពលរដ្ឋ កម្មករនិងសមត្ថកិច្ចរាប់រយនាក់នាំគ្នាផ្អើលមើលការប្រឈមមុខដាក់គ្នា ដែលក្រុមហ៊ុនបុរីពិភពថ្មីរារាំងមិនឲ្យក្រុមហ៊ុន អេហ្សិត ជីកកាយ និងស្តារប្រឡាយស្របតាមផ្លូវជាតិលេខ៤នៅមុខបុរីនេះ។

កំបូល៖ ប្រជាពលរដ្ឋ​រាប់រយនាក់​នៅតាម​ដងផ្លូវជាតិលេខ៤ម្តុំចំណុច​មុខទីតាំងបុរីពិភព​ថ្មី ប៉ែក​ខាងឆ្វេង​ដៃ​ពីរាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​កាលពីព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ នេះ ដោយសារមាន​​ការ​ប្រឈមមុខ​ដាក់គ្នា​​ ខណៈដែលក្រុមហ៊ុន អេហ្សិត កំពុងអនុវត្តការងារជីក​​កាយ និងស្តារ​ប្រឡាយ​ស្រប​​តាមផ្លូវជាតិ​នៅមុខបុរីនេះ។

បន្ទាប់​ពី​ភាគីក្រុមហ៊ុន​បុរីពិភព​ថ្មីបាន​រារាំងមិនឲ្យជីក​​កាយនិងស្តារ​ប្រឡាយ​នៅមុខបុរីរបស់ខ្លួន ភាគី​ខាងក្រុមហ៊ុន អេហ្សិត ក៏បាន​បោះបង្គោលរបាំងការពារសុវត្ថិភាពចរាចរណ៍តាមបណ្តោយផ្លូវចន្លោះ​​រវាងផ្លូវជាតិលេខ៤និងប្រឡាយ។

មន្រ្តី​ក្រុមហ៊ុន អេហ្សិត​ មួយរូប​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​​របស់​លោក​បានអនុវត្តការងារនេះ​ដោយប្រើ​រថយន្ត និងគ្រឿងចក្រ ហើយក៏មានការប៉ះពាល់ខ្លះ​ដល់ផ្លូវឆ្លងកាត់ប្រឡាយចូលក្នុងបុរីពិភព​ថ្មី​​ផងដែរ។

លោក​​បាន​​បន្ត​ថា បន្ទាប់ពីភាគីខាងក្រុមហ៊ុន អេហ្សិត មានការជីកប៉ះនឹងផ្លូវចេញចូលក្នុងបុរីនោះមក ខាង​ភាគីបុរីពិភពថ្មី​បាន​យកគ្រឿងចក្ររបស់ខ្លួន​មកចតលើច្រកផ្លូវឆ្លងកាត់ប្រឡាយ ដើម្បីរារាំងការអនុវត្ត​ការ​ងារ​របស់ក្រុមហ៊ុន អេហ្សិត។

មន្រ្តីសមត្ថកិច្ច​ខណ្ឌពោធិសែនជ័យ​ដែល​​ឈរជើងនៅទីនោះ​ដែលនិយាយ​សុំ​មិន​បញ្ចេញឈ្មោះ​បានបញ្ជាក់ថា ភាពតាន​​​​តឹងបានកើតឡើង ដោយ​មានការប្រឈមមុខដាក់គ្នាដែលនាំឲ្យ​អាក់ខាន​ក្នុងការ​កាយនិងស្តារ ប្រឡាយ​​​​ចាប់ពីម៉ោង៨រហូតដល់ម៉ោងប្រមាណ១១ព្រឹក។

មន្រ្តី​​រូបនោះបាន​បញ្ជាក់ថា ក្រោយ​ពីមាន​ការប្រឈមមុខរវាងក្រុមហ៊ុនទាំងពីរ​នេះរួចមក កម្លាំង​​សមត្ថកិច្ចខណ្ឌ​​ជាច្រើននាក់ក៏​បានចុះមក​ធ្វើអន្តរាគមន៏ ហើយសម្រេចដកហូតគ្រឿង​ចក្ររបស់ភាគី​ទាំងពីរយកទៅរក្សា​ទុកបណ្តោះអាសន្ននៅសាលាខណ្ឌ​ ដើម្បីរកដំណោះស្រាយ។

លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិត បានប្រាប់សារព័ត៌មាន Cambodia News ថា ក្រុមហ៊ុន អេហ្សិត បាន​អនុវត្តការងារនេះ ដោយសារមានតម្រូវការបីជាចម្បងគឺទី១៖ អនុលោមតាមស្មារតីអង្គប្រជុំ នាថ្ងៃទី   ១៣   ខែ មីនា   ឆ្នាំ២០១៥ នៅ​សាលា​រាជធានីភ្នំពេញ ដែលមានការចូល​រួមដោយ​ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធបានចូលរួម ក្នុងនោះអង្គ​ប្រជុំបានសំណូមពរឲ្យក្រុមហ៊ុន អេហ្សិត ជួយស្តារប្រឡាយ​អមសងខាងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យប្រវែងជាង២០គីឡូម៉ែត្រដើម្បីជួយសំរួលរំដោះទឹកកុំឲ្យជន់លិច​ក្នុងតំបន់ខាងលើនេះ។

លោក​បាន​​បញ្ជាក់ថា រី​ឯតម្រូវការទី២គឺថា ក្រុមហ៊ុន អេហ្សិត មានការព្រួយបារម្ភចំពោះសំណង់របស់បុរីពិភពថ្មី ស្ថិតនៅចំ នឹងបញ្ជរបង់ប្រាក់ជាតំបន់ដែលមានចរាចរណ៏មមាញឹកស្រាប់ ហើយនៅពេលបើកផ្លូវចេញចូលបុរី វាអាចនឹងបង្ករការកកស្ទះ និងគ្រោះថ្នាក់។

លោកបន្តថា តម្រូវការទី៣គឺ កន្លងមកក្រុមហ៊ុន​ អេហ្សិត បានស្នើសុំឲ្យក្រសួង​សាធារណការ និងដឹកជញ្ជូន ក្រសួង​ដែនដីនគរូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍ទប់ស្កាត់ និងផ្អាកជា     បណ្តោះអាសន្ន និងតម្រូវឲ្យខាងភាគី​បុរីពិភពថ្មី ស្នើសុំការអនុញ្ញាតច្បាប់ពីស្ថាប័នជំនាញពាក់ព័ន្ធ ដូចជាការសាងសង់​ផ្លូវ​ចេញ-ចូលបុរីជាប់នឹងផ្លូវជាតិ គឺត្រូវសុំការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវ ដោយអនុលោមតាមច្បាប់​ផ្លូវថ្នល់​ជាដើម។

គួរ​​បញ្ជាក់ថា មាត្រា៣០នៃច្បាប់ផ្លូវថ្នល់ចែងថា “ដើម្បីធានាដល់ការ​ធ្វើចរាចរណ៍លើផ្លូវជាតិ ប្រកប​​ដោយ​​សុវត្ថិភាព នោះរាល់សំណង់​ដែលមានច្រកចេញ​ចូលជាប់នឹង​ផ្លូវជាតិ ដូចជា​ស្ថានីយប្រេងឥន្ធនៈ ស្ថានីយ​ហ្គាស កន្លែងលាងរថយន្ត យានដ្ឋាន ឫសំណង់ប្រហាក់ប្រហែលផ្សេងៗទៀត ដែលមានមនុស្សជួបជុំគ្នាមធ្យមត្រូវស្ថិតក្នុង​ចម្ងាយយ៉ាងតិច ១៥ម៉ែត្រ (ដប់ប្រាំម៉ែត្រ) ពីខ្សែបន្ទាត់​ព្រំដីចំណីផ្លូវ គឺស្មើនឹង ៤៥ ម៉ែត្រពីអ័ក្សផ្លូវ។ រីឯសំណង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ពហុកីឡាដ្ឋាន ទីលានប្រកួត រោងមហោស្រព មន្ទីរពេទ្យ គ្រឹះស្ថានសិក្សា ការរៀបចំផ្សារ ផ្សារណាត់ ….. ដែលមា​ន​មនុស្សជួបជុំគ្នាច្រើន ត្រូវស្ថិតក្នុងចម្ងាយយ៉ាងតិចបំផុត ៥០ម៉ែត្រ​ (ហាសិបម៉ែត្រ) ម៉ែត្រពីខ្សែ​បន្ទាត់ព្រំ​ដីចំណីផ្លូវ គឺស្មើនឹង ៨០ ម៉ែត្រពីអ័ក្សផ្លូវ”។

បើតាមស្ថានភាពនៅទីតាំងនោះ ច្រកចេញចូលបុរី​ពិភព​ថ្មី​ជាមួយនឹងផ្លូវជាតិលេខ៤ ត្រូវស្នើសុំ​​ការអនុញ្ញាតពីក្រសួងសាធារណការ នឹងដឹកជញ្ជូន ដែលជាសមត្ថកិច្ចគ្រប់គ្រងផ្លូវ ប៉ុន្តែបុរីពិភពថ្មីត្រូវបានគេរាយការណ៍ថា មិនបានស្នើសុំការអនុញ្ញាតនៅឡើយទេ។

មន្រ្តី​មួយរូបមកពីក្រសួង​សាធារណការ និងដឹកជញ្ជូនបាន​បង្ហើបឲ្យដឹងថា អនុលោមតាមស្មារតីអង្គប្រជុំជាច្រើន​លើកច្រើនសារ រួមមានទាំងថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួង​សាធារណការ និងដឹកជញ្ជូន ដោយ​រួមទាំងតំណាងរបស់ឯកឧត្តម​អភិបាល​រាជធានីភ្នំពេញផង បានណែនាំឲ្យ​ក្រុមហ៊ុនបុរីពិភពថ្មីនេះ ឲ្យ​សុំទៅក្រសួងសាធារណការ និងដឹក​ជញ្ជូន សម្រាប់​ការតភ្ជាប់ផ្លូវចេញចូលបុរី​ជាមួយផ្លូវជាតិ។

សារព័ត៌មាន Cambodia News មិន​អាច​ទាក់ទង​អ្នក​គ្រប់​បុរី​ពិភព​ថ្មីនៅកំបូល​ដើម្បីបំភ្លឺរឿងនេះ​បាន​ឡើយ ខណៈដែល​បុគ្គលិកនិងកម្មកររបស់បុរី​ពិភព​ថ្មីនៅ​កន្លែងកើតហេតុមិនហ៊ាននិយាយ​ប្រាប់​អ្នកសារព័ត៌មាឡើយពីបញ្ហានេះ ដោយម្នាក់និយាយដូចគ្នាថា “សួរមេ”។

សារព័ត៌មាន Cambodia News នឹងបន្តតាមដាន​បញ្ហានេះបន្តទៀត៕

ទិដ្ឋភាពនៃ​ការប្រឈម​មុខ​ដាក់គ្នា បន្ទាប់ពី​ក្រុម​ហ៊ុន​បុរីពិភព​ថ្មី​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន អេហ្សិត ជីក​កាយ និង​ស្តារ​ប្រឡាយ​ស្រប​តាម​ផ្លូវ​ជាតិ​លេខ​៤​នៅ​មុខ​បុរីនេះ។
ទិដ្ឋភាពនៃ​ការប្រឈម​មុខ​ដាក់គ្នា បន្ទាប់ពី​ក្រុម​ហ៊ុន​បុរីពិភព​ថ្មី​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន អេហ្សិត ជីក​កាយ និង​ស្តារ​ប្រឡាយ​ស្រប​តាម​ផ្លូវ​ជាតិ​លេខ​៤​នៅ​មុខ​បុរីនេះ។
ភាគីក្រុមហ៊ុន អេហ្សិត បោះ​បង្គោល​របាំង​ការពារ​សុវត្ថិភាព​ចរាចរណ៍​​តាម​បណ្តោយ​ផ្លូវ​ចន្លោះ​រវាង​ផ្លូវ​ជាតិ​លេខ​៤​និង​ប្រឡាយ ​បន្ទាប់​ពីភាគី​ក្រុម​ហ៊ុន​បុរីពិភព​ថ្មី​បាន​រារាំង​មិន​ឲ្យ​ជីក​កាយ​និង​ស្តារ​ប្រឡាយ​នៅ​មុខ​បុរីរ​បស់​ខ្លួន។
ភាគីក្រុមហ៊ុន អេហ្សិត បោះ​បង្គោល​របាំង​ការពារ​សុវត្ថិភាព​ចរាចរណ៍​​តាម​បណ្តោយ​ផ្លូវ​ចន្លោះ​រវាង​ផ្លូវ​ជាតិ​លេខ​៤​និង​ប្រឡាយ ​បន្ទាប់​ពីភាគី​ក្រុម​ហ៊ុន​បុរីពិភព​ថ្មី​បាន​រារាំង​មិន​ឲ្យ​ជីក​កាយ​និង​ស្តារ​ប្រឡាយ​នៅ​មុខ​បុរីរ​បស់​ខ្លួន។

Related Articles

Back to top button
Close
Close