អត្រាពន្ធលើប្រាក់បៀវត្សឆ្នាំ២០១៥ ត្រូវបានកែប្រែខុសពីឆ្នាំមុនៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ ឧសភា ២០១៥) ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងទៅដល់និយោជកនិងនិយោជិតស្ដីពីការបង់ពន្ធលើប្រាក់បៀវត្សសម្រាប់ឆ្នាំ២០១៥ ដោយអនុលោមតាមមាត្រា១១ នៃច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ដោយកែប្រែមាត្រា ៤៧នៃច្បាប់ស្ដីពីសារពើពន្ធដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ១៩៩៧។ [ អានបន្ត ]
សេចក្ដីជូនដំណឹងចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ យោងតាមមាត្រា ៤៧ថ្មី ឱ្យដឹងថា ប្រាក់បៀវត្សជាប់ពន្ធប្រចាំខែចាប់ពី ៨០០ ០០០ រៀល ដល់ ១ ២៥០ ០០០ រៀល ត្រូវកំណត់យកអត្រាពន្ធចំនួន ៥ % ប្រាក់បៀវត្សចាប់ពី ១ ២៥០ ០០១រៀល ដល់ ៨ ៥០០ ០០០ រៀល មានអត្រាពន្ធ ១០% និង អត្រាពន្ធ១៥% កំណត់បៀវត្សចាប់ពី ៨ ៥០០ ០០១រៀល ទៅ ១២ ៥០០ ០០០ រៀល ហើយ លើសពី ១២ ៥០០ ០០០ រៀល ឡើងទៅមានអត្រាពន្ធចំនួន ២០%។
ដោយឡែក តាមមាត្រាថ្មីនេះ គឺអ្នកដែលទទួលប្រាក់បៀវត្សក្រោម ៨០ម៉ឺនរៀលមិនគិតអត្រាពន្ធនោះទេ ខណៈដែលមាត្រា ៤៧ចាស់ គឺប្រាក់បៀវត្សក្រោម ៥០ម៉ឺនរៀលមិនគិតពន្ធ៕