យុវជនម្នាក់ លោតតោងរថយន្ត ពីស្តុបទួលគោក ដល់កាំកូស៊ីធី
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៧ ឧសភា ២០១៥) ៖ យុវជនម្នាក់បានលោតតោងដំបូលមុខរថយន្ត ពីស្តុបទួលគោក ដល់កាំកូស៊ីធី ខណៈដែលចាស់ទំនើងម្នាក់ បានបើករថយន្ដ បុកម៉ូតូរបស់គាត់ហើយ មិនព្រមឈប់និយាយរកខុសត្រូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចស្ដុបទួលគោក សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ [ អានបន្ត ]
ជនរងគ្រោះ ឈ្មោះ ងិន សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាបុគ្គលិកក្រុមហ៊ុនជិះ ម៉ូតូម៉ាកXR ពណ៌សលាយខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 1CB-2194 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅ កើត។
ចំណែកជនបង្កឈ្មោះ ហៃ សារិន ភេទប្រុស អាយុ៦៩ឆ្នាំ ជាមន្ដ្រីរាជការ ស្នាក់នៅផ្ទះលេខ៨ ផ្លូវលេខ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បើករថយន្ដម៉ាកហាយឡេនឌ័រ ពណ៌សពាក់ ស្លាកលេខភ្នំពេញ 2V-2740 ធ្វើដំណើរកាត់ មុខម៉ូតូជនរងគ្រោះ។
យុវជនរូបនោះ បានអះអាងទៀតថា ម្ចាស់រថយន្តបានប្រើពាក្យសម្ដីមកកាន់ខ្លួនថា“អញ នឹងបើករថយន្តឲ្យហ្អែង ធ្លាក់ឲ្យងាប់” ប៉ុន្តែហេតុការណ៍នេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចជានគរបាលចរាចរមើលឃើញ នូវភាពឃោរឃៅនេះ ទើបនាំគ្នាជួយដេញស្ទាក់រថយន្ត នេះឲ្យឈប់តែម្ដង។
ក្រោយពីកិច្ចសម្របសម្រួលរបស់សមត្ថកិច្ចរួចមក ម្ចាស់រថយន្តបង្ក បានយល់ព្រមចេញថ្លៃសំណងចំនួន១០០ដុល្លារ មកឲ្យជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕