កុមារ​កម្ពុជា​ជិត ៨០​នាក់​មាន​ជំងឺ​ដែល​បង្កដោយ​មេរោគ EV71 ហើយ​ក្រសួង​អប់រំ​បិទ​សាលាមុនវ៉ាកង

កាលពីម្សិលិញ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលាបឋមសិក្សា និងសាលាមន្តេយ្យ មុនថ្ងៃឈប់សម្រាក (វ៉ាកង) ជាផ្លូវការនាថ្ងៃទី ៣១ កក្កដា ដោយបារម្ភពីមេរោគ Enterovirus 71 ( EV 71 )។

ជំងឺដែលបង្កឡើងដោយមេរោគ EV 71  នៅតែបន្តរាតត្បាតលើកុមារកម្ពុជា ក៏ប៉ុន្តែវាស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើយោងទៅតាមក្រុមមន្រ្តីនៃក្រសួងសុខា ភិបាលកម្ពុជា និងមន្រ្តីអង្គការសុខភាពពិភពលោក(WHO)។

តួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក បង្ហាញថា រយៈពេលជាងប្រាំមួយខែដើមឆ្នាំនេះ មានអ្នកជំងឺសរុបចំនួន៧៨ករណីដែលក្នុងនោះយ៉ាងហោចណាស់៥៤នាក់ បាន ស្លាប់ដែលភាគច្រើននៃអ្នកជំងឺមានអាយុតិចជាងបីឆ្នាំហើយមាន ជំងឺរ៉ាំរ៉ៃ និងកង្វះអាហារូបត្ថម្ភ។លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងថារហូតដល់ពេលនេះកុមារដែលមានជំងឺនេះនៅតែមានជា បន្តបន្ទាប់ ក៏ប៉ុន្តែមិនមានការស្លាប់បន្ថែមទៀតនោះទេ។ ហើយនៅពេលនេះចំនួនអ្នកជំងឺនៅមិនទាន់ដឹងប្រាកដនៅឡើយដែរ គឺកំពុងរង់ចាំការប្រមូលទិន្ន័យនៅតាមបណ្តាលខេត្តក្រុងទូទាំង ប្រទេស។

«កំពុងតែធ្វើការតាមដានហើយ យើងមិនទាន់អាចនិយាយថាជំងឺនេះកើនឡើង ឬមួយក៏ថយចុះនោះទេពីព្រោះយើងទើបតែប្រមូលទិន្ន័យ ប៉ុន្តែករណីដែលរាយការណ៍នេះគឺថានៅមាន ចំនួនតិចតួចនៅឡើយទេមិនទាន់មានករណីច្រើនទេ។ ដូច្នេះហើយបានជាយើងកំពុងតែបន្តពង្រឹងប្រព័ន្ធតាមដានទៀត ដើម្បីបញ្ជាក់ច្បាស់ថាតើជំងឺនេះកំពុងតែបន្តកើនឡើង ឬក៏ស្ថិតនៅថេរ ឬមួយ ក៏ថយចុះតែក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រូពេទ្យទាំងអស់ដែលធ្វើការងារនេះដើម្បី សហការណ៍គ្នាក្នុងការបង្ការ និងប្រយុទ្ធនឹងជំងឺនេះ»។

ជំងឺពងបែកនៅដៃជើង និងក្នុងមាត់គឺជាជំងឺឆ្លងដែលកើតចំពោះទារក និងកុមារ។ វាមិនមែនជាជំងឺថ្មីនៅកម្ពុជាយើងទេ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកដែរ។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដែលបង្កឡើងដោយមេរោគEnterovirus 71 (EV 71) លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងបន្ថែមថាក្រសួងបានបណ្តុះបណ្តាលគ្រូពេទ្យនៅតាម មន្ទីរពេទ្យទូទាំងកម្ពុជាឲ្យយល់ដឹងបន្ថែមពីការព្យាបាល និងពិនិត្យរករោគសញ្ញានៃជំងឺនេះឲ្យបានទាន់ពេលវេលា។

លើសពីនេះទៅទៀតក្រសួងសុខាភិបាលកំពុងរៀបចំបោះពុម្ភផ្សាយឯកសារមួយ ចំនួនសម្រាប់អប់រំប្រជាពលរដ្ឋឲ្យមានអនាម័យល្អ ក្នុងការរស់នៅដូចជាសម្អាតបរិវេណក្នុងផ្ទះ ការហូប ចុក និងបញ្ជូនកូនមកមន្ទីរពេទ្យជាបន្ទាន់ បើសិនជាមានការសង្ស័យណាមួយថា បានកើតជំងឺនេះហើយមានសភាពធ្ងន់ធ្ងរ។

លោក ពិធឺ វ៉ាន់ម៉ារែន តំណាងអង្គការសុខភាពពិភពលោកបានឲ្យដឹងថានៅពេលនេះ មិនទាន់មានរបាយការណ៍ថ្មីណាមួយស្តីពីការកើនឡើងពីអ្នកជំងឺនេះនៅ ឡើយទេ។

លោកបានផ្តល់ដំបូន្មានថាប្រជាពលរដ្ឋត្រូវតែសម្អាតដៃជើងក្រោយពេលចេញពីបន្ទប់ទឹក និងមុនញ៉ាំអាហារ។

រោគសញ្ញាដំបូងនៃជំងឺពងបែកដៃជើង និងក្នុងមាត់ ជាទូទៅចាប់ផ្តើមឡើងដោយមានសភាពក្តៅខ្លួន ការហូបចុកថយចុះ អស់កម្លាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងអំឡុងពេល មួយទៅពីរថ្ងៃដោយមានស្នាមចំណុចក្រហមអុចៗ និងខ្លះមានពងបែក នៅលើបាតដៃ បាតជើង និងពេលខ្លះលើគូទ ឬអវៈយវៈភេទ។

ក្នុងចំណោមកុមារមួយចំនួនតូច ជំងឺនេះអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរដែលមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ទន់អវៈយវៈ និងប្រកាច់។ ឪពុកម្តាយត្រូវស្វែងរកការព្យាបាលជាបន្ទាន់ នៅពេលគាត់ឃើញរោគសញ្ញាទាំងអស់នេះនៅលើកូនរបស់ពួកគាត់។

ជំងឺពងបែកដៃជើង និងក្នុងមាត់បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ជាខ្លាំង ក្នុងស្រទាប់ប្រជាពលរដ្ឋកម្ពុជាកាលពីខែមិថុនា កន្លងទៅនេះរហូតដល់មានឪពុកម្តាយមួយចំនួនបានផ្អាកមិនឲ្យកូនទៅរៀន ថែមទៀត ដោយសារការព្រួយបារម្ភនៃការឆ្លងជំងឺនេះ៕ (Cambodia News និងធីតា វីន៊/VOA)

Related Articles

Back to top button
Close
Close