កុមារកម្ពុជា ៨នាក់ដែល​​​​សង្ស័យឆ្លងមេរោគ ​​​EV71 ត្រូវបានអាជ្ញា​​​ថៃបញ្ជូន​​​​មកស្រុក​​​​កំណើតវិញ

ដោយ៖ ហេង នាង

ក្មេងកម្ពុជាដែលមានសភាពក្តៅខ្លួនខ្លាំង និងសង្ស័យថា មានរោគសញ្ញាជំងឺពងបែកដៃជើងបង្កឡើងដោយវីរុស EV71 ៨នាក់ ស្ថិតនៅផ្សារព្រំដែនរុងក្លឿខេត្តស្រះកែវ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកស្រុកកំណើតវិញ។

ប្រធានប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវប្រទេសថៃ លោក Sangkhom Tadso បានប្រាប់សារព័ត៌មានថៃ The Nation ថា ពួកគេបានរកឃើញក្មេងកម្ពុជា ចំនួន៨នាក់ ដែលក្តៅខ្លួន ខ្លាំងរហូតទៅដល់ ៣៩អង្សា ដែលគេសង្ស័យថាជារោគសញ្ញានៃមេរោគ EV-71 កុមារទាំងនោះអាយុក្រោម១០ឆ្នាំ។

ក្រសួងសុខភាពថៃ បានរាយការណ៍ថា ក្មេងនៅប្រទេសថៃកំពុងឈឺជំងឺពងដៃជើងនេះ កើនឡើង រហូតទៅដល់១.៨០០ករណី នៅខេត្តចំនួន ៧៧នៅប្រទេសថៃ។ រីឯនៅទីក្រុងបាងកកវិញ យ៉ាងហោចណាស់ មានសាលាចំនួន ៤បានបិទទ្វារ ដោយសារមានរាតត្បាតពីជំងឺពងដៃជើងនេះ តម្រូវឲ្យថ្នាក់រៀននីមួយៗត្រូវ សម្លាប់មេរោគ និងសំអាតប្រឆាំងនឹងមេរោគ EV-71។

សម្រាប់កម្ពុជាវិញ កាលពីថ្ងៃទី១៩ កក្កដា អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានចាត់ក្រុមគ្រូពេទ្យ ជំនាញធ្វើការត្រួតពិនិត្យលើកុមារតូចៗ រួមមានកុមារ កម្ពុជា និងថៃ ដែលឆ្លងដែនទៅមករវាងកម្ពុជា-ថៃ។ លទ្ធផលនៃការត្រួតពិនិត្យគេសង្កេតឃើញ ពលរដ្ឋខ្មែរបាននាំកូនតូចៗ របស់ខ្លួនរាប់រយនាក់ទៅទទួល សេវាព្យាបាល និងថ្នាំបង្ការ ពីក្រុមគ្រូពេទ្យថៃ នៅខាងលិចស្ពានមិត្តភាព កម្ពុជា-ថៃ។

ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង លោក សុខ ទូច បានឲ្យដឹងថា រហូតមកដល់ពេលនេះនៅមិនទាន់មានតួលេខកុមារ ដែលឆ្លងជំងឺពងបែកដៃជើង និងមាត់នោះទេហើយមន្រ្តីជំនាញក៏កំពុងតែធ្វើការតាមដាន និងស្វែងរកអ្នក ដែលបានកើតជំងឺនេះ នៅតាមបណ្តាខេត្ត ផ្សេងៗជាបន្តទៀត។ ទោះបីជាយើងនៅមិនទាន់មានថ្នាំសម្រាប់ចាក់បង្ការកុមារពីជំងឺនេះក៏ដោយ ប៉ុន្តែយើងត្រូវអនុវត្តឲ្យបាននូវអនាម័យរបស់កុមារព្រោះជំងឺនេះវាកើតមានតែចំពោះកុមារដែលមានអាយុចាប់ពី៣ខែ ដល់១១ឆ្នាំប៉ុណ្ណោះ៕

Related Articles

Back to top button
Close
Close