អ្នកបើកបររង យន្តហោះអាល្លឺម៉ង់ 4U 9592 បើកយន្តហោះធ្លាក់បំបុកភ្នំ ដោយមានចេតនា
សម្រួលដោយ៖ សារព័ត៌មាន Cambodia News/
បរទេស (២៧ មីនា ២០១៥) ៖ យោងតាមប្រភព សារព័ត៌មាន CNN បានចុះផ្សាយថា អ្នកបើកបររង (co-pilot) ដែលបើកយន្តហោះ Germanwings អ៊ែរបឺស A320 បីេកយន្តហោះ ទៅបំបុកភ្នំ Alps ក្នុងប្រទេសបារាំងតែម្តង ដែលបណ្តាលឲ្យមនុស្ស ១៥០នាក់ លើយន្តហោះ បាត់បង់ជីវិតទាំងអស់ ដោយមាន ចេតនា នេះបើតាមការបញ្ជាក់ ជាផ្លូវការ ពីក្រុមអ្នកស៊ើបអង្កេត។ [ អានបន្ត ]
តាមប្រភពដដែល បានឲ្យដឹងថា យោងតាមវេបសាយ Flightrader24 ដែលតាមដានទិន្នន័យផ្លូវអាកាស រកឃើញថា យន្តហោះនេះ ត្រូវបានបញ្ជាដោយនរណាម្នាក់ នៅខាងក្នុងបន្ទប់កាប៊ីន ដោយមានការផ្លាស់ប្តូរ រយៈកំពស់យន្តហោះពី ៣៨,០០០ ហ្វីត (១១,៥៨២ម៉ែត្រ) ទៅកាន់ ១០០ ហ្វីត (៣០ម៉ែត្រ) ។
ប្រភព CNN បានបញ្ជាក់ទៀតថា អ្នកបើកបររង ដែលបញ្ជាយន្តហោះនោះ មានឈ្មោះ Andreas Lubitz វ័យ ២៨ឆ្នាំ សញ្ជិតអាល្លឺម៉ង់។ បើតាម ខ្សែអាត់សម្លេង ពីប្រអប់ខ្មៅ ដែលត្រូវបានរកឃើញ ឲ្យដឹងថា អ្នកបើកបររង រូបនេះ បានចាក់សោរមិនឲ្យ អ្នកបើកយន្តហោះម្នាក់ទៀតចូលទៅកាន់ក្នុងបន្ទប់បញ្ជាបើកបរឡើយ។
យ៉ាងណាមិញ ពេលនេះអាជ្ញាធរ ប្រទេសអាល្លឺម៉ង់ បានថ្លែងថា «យើងត្រូវតែ សន្មត់ថា ឧបទ្ទវហេតុធ្លាក់ យន្តហោះ A320 ជើងហោះហើរ 4U 9592 នេះ កើតឡើងដោយមានចេតនា» ។ ខណៈ លោក Carsten Spohr ជានាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ Germanwings នេះបាន និយាយថា «យើងគ្មាន ពាក្យអ្វីដែលត្រូវនិយាយផ្សេងទៀត ដែលយន្តហោះជួបឧបទ្ទវហេតុនេះ កើតឡើងដោយ អ្នកបើកបររង ជាអ្នកមានចេតនា ធ្វើឲ្យយន្ត ហោះធ្លាក់ » ៕