ក្លឹប​​អ្នក​កាសែត​​កម្ពុជា ​ប្រកាស​​ប្រកួត​ប្រជែង ​ពាន​រង្វាន់​​អ្នក​សារ​ព័ត៌​មាន​​ឆ្នើម​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (១៨ មីនា ២០១៥) ៖ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ក្លឹប​អ្នកកាសែត​កម្ពុជា ចេញ​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៥ បានអោយដឹងថា ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​.) និង​អង្គការ​តម្លាភាព​កម្ពុជា (TI Cambodia) បាន​សហការគ្នា រៀបចំ​កម្មវិធី​ប្រកួតប្រជែង ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម ស្តីពី​ការសរសេរ អត្ថបទ​បង្ហាញ​ពី​អំពើពុករលួយ នៅក្នុង​ប្រទេស​កម្ពុជា​។ 

​ការប្រកួត​យកពានរ​ង្វាន់​នេះ មាន​គោលបំណង លើកទឹកចិត្ត អ្នកសារព័ត៌មាន​កម្ពុ​ជា ឱ្យមាន​ការសរសេរ ពី​អំពើពុករលួយ នៅក្នុង​ប្រទេស ឲ្យ​កាន់តែ​ច្រើនឡើង ក៏ដូចជា ផ្តល់ ជូន​ស្នាដៃ​ដល់ ភាពក្លាហាន និង​ការប្តេជ្ញាចិត្ត​របស់ អ្នកសារព័ត៌មាន ដែល​បាន​លាតត្រដាង ពី​ការរំលោភបំពាន ផ្នែក​អំណាច​។​

​ការប្រកួត​នេះ គឺ​បើកទូលាយ​ដល់ អ្នកសារព័ត៌មាន​កម្ពុ​ជា ដែលមាន​ស្ថាប័ន ពិតប្រាកដ និង​អ្នកសារព័ត៌មាន​កម្ពុជា មិនមាន​ស្ថាប័ន​ពិតប្រាកដ ធ្វើការ​ដោយ​ឯករាជ្យ​ ទាំង​នៅ​ផ្នែក​បោះពុម្ពផ្សាយ (​កាសែត និង​ទស្សនា​វ​ដ្តី​) និង​តាម​រលកអាកាស (​វិទ្យុ និង​ទូរទស្សន៍​) ព្រមទាំង​អ្នកសារព័ត៌មាន អន​ឡាញ​/​គេហទំព័រ (Online/Website)  និង​ អ្នកសរសេរ​ព័ត៌មាន បង្ហោះ​តាម​បណ្តាញ​ប្លុក (Blog)​។​

​អត្ថបទ​ដែល​នឹងត្រូវ​ដាក់ចូល ប្រកួតប្រជែង ត្រូវតែ​បរិយាយ អំពី​អំពើពុករលួយ ដែល​អាចជា​អត្ថបទ​ស៊ើបអង្កេត ឬ​លាតត្រដាង​ពី​ផលប៉ះពាល់​នៃ អំពើពុករលួយ​របស់​បុគ្គល របស់​ក្រុម ឬ​របស់​ស្ថាប័ន ដែល​នាំ​ឲ្យ​អន្តរាយ​ដល់ ទាំង​បុគ្គល និង​សង្គម​៕

CCJ

​​

Related Articles

Back to top button
Close
Close