ឪពុកម្តាយ នៃអតីតម្ចាស់ក្សត្រីថៃ ត្រូវកាត់ទោសឲ្យ ជាប់ពន្ធនាគារ ពីបទប្រមាថរាជវង្ស
សារព័ត៌មាន Cambodia News/
ថៃ (១២ មីនា ២០១៥) ៖ កាលពីថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០១៥ តុលាការឧក្រិដ្ឋកម្ម របស់ប្រទេសថៃ បាន សម្រេចទោសដាក់ ពន្ធនាគារដល់ ឪពុក និង ម្តាយរបស់អតីតម្ចាស់ក្សត្រីនៃរាជវង្សថៃ រយៈពេល ពីរឆ្នាំកន្លះ ពីបទប្រមាថ និង បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័នដ៏មានអំណាចបំផុតនៅ ក្នុងព្រះរាជាណាចក្រមួយនេះ។
ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ បានដកស្រង់សេចក្តីសម្រេចរបស់តុលាការទៀតថា ពីរនាក់ ប្តីប្រពន្ធដែលត្រូវ បានកាត់ទោស នោះ គឺលោក អាភីរុជ ស៊ូវ៉ាឌី អាយុ ៧២ឆ្នាំ និង លោកស្រី វ៉ាន់តានី ស៊ូវ៉ាឌី អាយុ ៦៦ឆ្នាំ ហើយទណ្ឌិតទាំងពីរនាក់ ត្រូវជាឪពុកម្តាយបង្កើតរបស់ អតីត ម្ចាស់ក្សត្រី ស្រីរស្មី ដែលបានលែងលះជាមួយព្រះរាជបុត្រស្នងរាជថៃព្រះនាម មហា វិចរ៉ាឡុងកន។
កាលពីដើមខែកុម្ភៈ កន្លងទៅនេះ បុរសនិងស្ត្រីខាងលើនេះ បានទទួលរងការចោទប្រកាន់ ថាបានប្រើប្រាស់នាម ជាអ្នកជាប់ខ្សែស្រឡាយរាជវង្ស ដោយរំលោភលើកិត្តិយសរបស់ ស្ថាប័នព្រះមហាក្សត្រដើម្បីជួយ នាង សាវីតា ម៉ានីចាន់ ពីខេត្តរ៉ាចាបុរិ ដែលត្រូវបានដាក់ ទោសជាប់ពន្ធនាគារ ១៨ខែមកហើយពីបទក្លែងបន្លំទោស។
គួរបញ្ជាក់ថា អតីតម្ចាស់ក្សត្រី ស្រីរស្មី បានលះលែងពីព្រះស្វាមីកាលពីខែធ្នូ ឆ្នាំ ២០១៤ បន្ទាប់សាច់ញាតិដែល ត្រូវជាឪពុកមារបស់នាងឈ្មោះលោក ផុងផាត់ ចាយ៉ាផាន់ និង ត្រូវជាអតីតប្រធានការិយាល័យស៊ើបអង្កេតកណ្តាល ត្រូវបានចាប់ខ្លួនពីបទមិនគោរពដល់ ព្រះញាតិវង្សានុវង្ស និង បានបង្កើតបណ្តាញប្រព្រឹត្តឧក្រិដ្ឋកម្មយ៉ាងធំសម្បើម ក្នុងប្រទេសថៃ៕