អាជ្ញាធរអប្សរា រកឃើញថា ស្ត្រីថតរូបភាពអាក្រាតពាក់កណ្តាលខ្លួន នៅប្រាសាទបុរាណ
សារព័ត៌មានCambodia News/
សៀមរាប (២៧ មករា ២០១៥) ៖ អាជ្ញាធរជាតិអប្សរា បានធ្វើការថ្កោលទោស ចំពោះរូបភាពអាក្រាតពាក់កណ្តាលខ្លួន របស់ស្ត្រីម្នាក់ នៅប្រាសាទបុរាណ ក្នុងខេត្តសៀមរាប។ រូបភាពស្ត្រីនោះ បានបង្ហោះនៅក្នុងហ្វេសប៊ុក ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រហូតដល់រសៀលថ្ងៃអាទិត្យនេះ អាជ្ញាធរជាតិអប្សរា បានរកឃើញថា ស្រ្តីថតរូបភាពអាក្រាតនោះ ជាជនជាតិចិន។
ការថតបង្ហាញកាយអាក្រាត មួយកំណាត់ខ្លួនឡើងលើ របស់ស្ត្រីម្នាក់ នៅប្រាសាទបុរាណ ជាអំពើប្រាសចាក ផ្ទុយទាំងស្រុងពីសីលធម៌ និងវប្បធម៌ខ្មែរ ព្រមទាំងអោយមានការអាប់ឱនយ៉ាងធ្ងន់ធ្ងរ ដល់បេតិកភណ្ឌជាតិ និងកិត្តិយសនារីភេទ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។
សេចក្តីប្រកាស ដែលបានផ្សព្វផ្សាយ កាលពីយប់ថ្ងៃទី២៤ ខែមករា បង្ហាញថា អាជ្ញាធរជាតិអប្សរា នឹងធ្វើការស្រាវជ្រាវរកការពិត ព្រមទាំងប្តេជ្ញាអនុវត្តនីតិវិធីច្បាប់ តាមគ្រប់រូបភាព ដើម្បីធ្វើការផ្តន្ទាទោស ចំពោះការប្រព្រឹត្តបែបអាសអាភាស និងខ្វះការពិចារណាបែបនេះ។
រូបភាពស្ត្រីម្នាក់ ថតដោះអាវ នៅក្នុងប្រាសាទ ស្លៀកតែសំពត់ និងជូតក្បាល ថតតាមបែបបង្ហាញម៉ូតចំនួន ៤ ប៉ុស្តិ៍។ រូបថតទាំងនោះ មានសរសេរអក្សរឡាតាំង ដាក់ថា WANIMAL។
ជាការកត់សម្គាល់ កាលពីឆ្នាំ២០១៣ ក៏មានស្ត្រីរុស្ស៊ីម្នាក់ មកថតរូបអាក្រាត នៅប្រាសាទបុរាណខ្មែរ ហើយទទួលបានពានរង្វាន់លេខ១ ក្នុងទស្សនាវដ្តី Play Boy៕