អគ្គនាយកដ្ឋានពន្ធដារនឹងផាកពិន័យទ្វេរដងលើម្ចាស់យានជំនិះគ្រប់ប្រភេទ ដែលខកខានមិនបានបង់ពន្ធ
សារព័ត៌មានយុវវ័យថ្មី/
អត្ថបទ៖ ហេង នាង /
ភ្នំពេញ (៣១ ធ្នូរ ២០១៤) ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសនៅពេលថ្មីៗនេះថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ទៅ ក្រសួងនឹងចុះពិនិត្យ និងផាកពិន័យចំពោះម្ចាស់យានយន្តនិងមធ្យោបាយធ្វើដំណើរទាំងអស់ ដែលមិនបានបង់ពន្ធនៅឆ្នាំ២០១៤កន្លងមក។
តាមរយៈបណ្តាញសង្គមហ្វេកប៊ុករបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានឱ្យដឹងថា រដ្ឋបាលសារពើពន្ធនឹងពិន័យទ្វេរដងដល់ម្ចាស់យានជំនិះដែលមិនទាន់បង់«ពន្ធលើមធ្យោបាយធ្វើដំណើរ»សម្រាប់ឆ្នាំ២០១៤កន្លងមកនេះ។
អគ្គនាយកដ្ឋានពន្ធដារបានបន្ថែមថា ខ្លួននឹងសហការជាមួយសមត្ថកិច្ចច្រមុះក្នុងការចុះត្រួតពិនិត្យនិងផាកពិន័យចំពោះយាន្តយន្តដែលគ្នានប័ណ្ណបង់ពន្ធផ្លូវហើយធ្វើចរាចរតាមដងផ្លូវសាធារណៈដើម្បីប្រមូលចូលថវិកាជាតិ។
ការប្រកាសផាកពិន័យនេះ ធ្វើឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបានពន្យាពេលពីខែកញ្ញារហូតមកដល់ចុងឆ្នាំនេះ ដោយបានក្រើនរំម្លឹក និងពន្យារពេលម្តងហើយម្តងទៀតដល់ប្រជាពលរដ្ឋជាប់កាតព្វកិច្ចបង់ពន្ធទាំងអស់ឱ្យរួសរាន់ទៅបង់ពន្ធចូលរដ្ឋ។
ទន្ទឹមនោះដែរ នៅឆ្នាំ២០១៥ នេះ អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមធ្វើប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនដើម្បីបង្កលក្ខណៈងាយស្រួលនិងចំណេញពេលវេលាច្រើន សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននៅលើកក្រោយៗទៀត។
គួរបញ្ជាក់ដែរថា នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៤ អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានប្រមូលនិងបង់ប្រាក់ពន្ធចូលថវិកាជាតិបានចំនួនជិត៧៥លានដុល្លារ ដែលចំណូលមួយភាគបានមកពីការប្រមូលពន្ធផ្លូវ៕