នាយករដ្ឋមន្ត្រីថៃ ហៅការខំប្រឹងប្រែងរបស់រដ្ឋាភិបាលថាមិនទាន់បានល្អគ្រប់គ្រាន់
សារព័ត៌មាន Cambodia News/
ថៃ (២៦ ធ្នូរ ២០១៤) ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន អូចា បានវាយតម្លៃការអនុវត្តន៍នៃរដ្ឋាភិបាលដែលដឹកនាំដោយយោធារបស់លោកក្នុងរយៈពេល៣ខែកន្លងទៅនេះ ថាមិនទាន់ឲ្យពេញចិត្តនៅឡើយទេ ដោយនិយាយថា រហូតមកដល់ពេលនេះសមទ្ធិផលរបស់ខ្លួន មិនធានាបានសន្តិសុខនិងចីរភាព។
នៅពេលដែលរដ្ឋាភិបាលបានឆ្លងកាត់ការស្ទង់មតិជាសាធារណៈកាលពីពេលថ្មីៗនេះអំពីការអនុវត្តន៍របស់ខ្លួននោះ មានមនុស្សជាច្រើនងឿងឆ្ងល់ថាតើខ្លួនកំពុងសម្រេចបានអ្វីៗដែលបានសន្យាហើយឬនៅ ។ លោក ប្រាយុទ្ធ ចាន អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បើសិន លោកមិនអាចដោះស្រាយបញ្ហារបស់ប្រទេសជាតិបាននោះ លោកនឹងត្រូវបានចាត់ទុកថា“ ជនក្បត់ជាតិ”។
ដោយបាននិយាយនៅឯកន្លែងធ្វើបទបង្ហាញជាផ្លូវការអំពីសមទ្ធិផលរបស់រដ្ឋាភិបាលចាប់ពីថ្ងៃទី១២ខែកញ្ញារហូតមកដល់ថ្ងៃទី១២ខែធ្នូនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍នោះ លោក ប្រាយុទ្ធ ចាន អូចា បាននិយាយថារដ្ឋាភិបាលនេះមិនបានធ្វើឲ្យមានការរីកចំរើនល្មមគ្រប់គ្រាន់អំពីបញ្ហាសន្តិសុខនិងមិនបានធ្វើកំណែទម្រង់ប្រកបដោយចីរភាពនោះទេ ។ រដ្ឋាភិបាលនេះនឹងចាំបាច់ត្រូវខំប្រឹងប្រែងធ្វើការងារបន្ថែមទៀតដើម្បីអាចសម្រេចបានគោលដៅទាំងឡាយ ដែលខ្លួនបានកំណត់នោះ៕