លោក ហ៊ុន សែន ឲ្យពលរដ្ឋ ដែលឆ្លងមេរោគអេដស៍ ភូមិ-ឃុំរកាកុំតក់ស្លុត
សារព័ត៌មាន Cambodia News
ភ្នំពេញ ( ១៨ ធ្នូរ ២០១៤) ៖ ក្នុងគ្រាដែលប្រជាពលរដ្ឋនៅឃុំរកាស្រុកសង្កែ ក្នុងខេត្តបាត់ដំបង បានកើតជំងឺ អេដស៍ ជាបន្តបន្ទាប់ រហូតដល់ជាង១០០នាក់ ដោយសារតែ ការចំលងមេរោគ ពីគ្រូពេទ្យ ភូមិនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជាឲ្យ អាជ្ញាធរមាន សមត្ថកិច្ចត្រូវការពារ សុវត្ថិភាពក្រុមគ្រួសាររបស់គ្រូពេទ្យ ឲ្យបានល្អ ខណៈសម្តេចមិនទាន់ ជឿអំពីការចំលងមេរោគដ៏កាចសាហាវមួយនេះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋដែលឆ្លងមេរោគអេដស៍នៅក្នុងភូមិ-ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កុំឲ្យមានការតក់ស្លុត ។ ហើយទុកបញ្ហានេះឲ្យអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល រួមគ្នាចុះអង្កេតស្រាវជ្រាវ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនជឿថា មានការឆ្លងច្រើនបែបនេះ ។ លោក ក៏បានអំពាវនាវផងដែរ ឲ្យពលរដ្ឋដែលឆ្លងមេរោគអេដស៍ កុំប៉ះពាល់ក្រុមគ្រួសារនិងគ្រូពេទ្យភូមិ ទុកលទ្ឋភាពឲ្យមន្ត្រីជំនាញស្រាវជ្រាវ ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ធ្នូ ២០១៤ ។
ហ៊ុន សែន បានបន្តថា រហូតមកដល់ពេលនេះ គ្រប់ភាគីពាក់ព័ន្ធដែលមាន ទាំងតំណាង អង្គការ សុខភាពពិភពលោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងវិទ្យាស្ថានប៉ាស្ទ័រ បានទៅដល់កន្លែងកើតជំងឺដោយផ្ទាល់ហើយ ហើយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ រក មូលហេតុច្បាស់លាស់ បើសិនជារឿងនេះ កើតឡើងមែនគឺធ្ងន់ធ្ងរខ្លាំងណាស់៕