ឧកញ៉ា ថោង សារ៉ាត់ សុំលោកនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ឲ្យខ្លួន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ ធ្នូរ ២០១៤) ៖ ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ថាជាមេខ្លោងសម្លាប់ឧកញ៉ាម្នាក់ អំពាវនាវយ៉ាងទទូចសុំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយរកយុត្តិធម៌ឲ្យខ្លួន ដោយចាត់ទុកថានេះជាករណីទម្លាក់កំហុស ដើម្បីរំលាយគ្រួសាររបស់លោក នេះបើយោងតាមការផ្ទៀងផ្ទាត់តាមរយៈសំឡេងខ្សែអាត់មួយ ដែលបង្ហោះតាមរយៈហ្វេសប៊ុកកាលពីថ្ងៃចន្ទ ម្សិលមិញ។
កាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវេលាម៉ោងជាង៧ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបានបាញ់ សម្លាប់៦គ្រាប់នៅចំណុចមុខហាងលក់ផ្លែឈើឡោ តិចសេង តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។ ភ្លាមៗនោះ វីដេអូនៃការបាញ់សម្លាប់ត្រូវបានបង្ហោះលើប្រព័ន្ធសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។
ក្នុងខ្សែអាត់ជាសំឡេងមួយដែលមានរយៈពេលជិត៧នាទី លោក ថោង សារ៉ាត់ រៀបរាប់ថាអង្គរក្សរបស់លោកទាំង៤នាក់ មិនបានប្រព្រឹត្តអំពើឃាតកម្មនោះទេ ហើយពួកគេក៏មិនបានព្យាយាមរត់គេខ្លួននោះទេ បើទោះជាមានការសង្ស័យពីកម្លាំងសមត្ថកិច្ចក៏ដោយ។
លោកបន្តថាលោកបានណែនាំឲ្យអង្គរក្សម្នាក់ឈ្មោះស្នា រត់គេចខ្លួន នៅពេលស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ដៅឈ្មោះ ដោយលោកគិតថានឹងមានការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់។ លោកថាតែអង្គរក្សនោះបានបដិសេធ ដោយថាខ្លួនជាមនុស្សមិនបានប្រព្រឹត្តឃាតកម្ម។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអង្គរក្ស៤នាក់របស់លោកឧកញ៉ា ថោង សារ៉ាត់ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន»។ប៉ុន្តែអង្គរក្សទាំងនោះបានលើកឡើងថាខ្លួនត្រូវបាននគរបាលបង្ខំឲ្យឆ្លើយសារភាពដោយធ្វើទារុណកម្ម។
លោក ថោង សារ៉ាត់ បានអំពាវនាវដោយពាក្យយំយែកឲ្យលោកនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ក្នុងរឿងនេះ ដោយលើកឡើងថានេះជារឿងធំ និងមានតែនាយករដ្ឋមន្រ្តីទេដែលអាចជួយបាន។
លោក ថោង សារ៉ាត់ ឲ្យដឹងទៀតថាលោកមិនមានជម្លោះដីអ្វីនោះទេ ហើយម្តាយឪពុករបស់លោកជាមនុស្សដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។លោកថាការរកយុត្តិធម៌នេះ នឹងក្លាយជាគំរូសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅជាច្រើនទៀត ដែលកំពុងជួបប្រទះភាពអយុត្តិធម៌ក្នុងសង្គម៕