សមត្ថកិច្ចនាំខ្លួនឪពុកម្តាយថោង សារ៉ាត់ ដាក់គុកព្រៃស បណ្តោះអាសន្ន
សារព័ត៌មាន Cambodia News/
ភ្នំពេញ(៨ ធ្នូ ២០១៤ )៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា វ៉ា សក្កដា បានធ្វើការចោទប្រកាន់២នាក់ប្តីប្រពន្ធដែលត្រូវជាឪពុកម្តាយជនជាប់ចោទ មេខ្លោងឃាតក ថោង សារ៉ាត់ ពីបទកាន់កាប់រឺដឹកជញ្ជូនអាវុធដោយខុសច្បាប់ យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌហើយលោក ស្វាយ តុញ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ឲ្យសមត្ថកិច្ចនាំខ្លួន ទៅកាន់គុកព្រៃស កាលពីវេលម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃដដែលនេះផងដែរ ។
ជនជាប់ចោទទាំង២នាក់រួមមាន ១ថោង ចំរើន ភេទប្រុស អាយុ៦៧ឆ្នាំ ២ កែវ សារី ភេទស្រី អាយុ៥៣ឆ្នាំ ដែលត្រូវជាឪពុកម្តាយជនជាប់ចោទថោង សារ៉ាត់ ។ដោយឡែក ជនសង្ស័យ២នាក់ទៀត ១ឈ្មោះ ថោង បូណា ភេទប្រុស អាយុ៣២ឆ្នាំ ២ឈ្មោះ ទាវ ធីតា ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាប្អូន និងភរិយាទី២ ជនជាប់ចោទថោង សារ៉ាត់ ត្រូវបានដោះលែង បន្ទាប់ពីសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវមិនបានពាក់ព័ន្ធទៅនឹងបទល្មើសខាងលើនេះ ។
យោងតាមបញ្ញត្តមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌជនជាប់ចោទទាំង២នាក់ខាងលើនេះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់១លាន ទៅ៦លានរៀល ប្រសិនបើតុលាការរកឃើញថា ជនជាប់ចោទទាំង២បានប្រព្រឹត្តដូចការចោទប្រកាន់របស់តំណាងអយ្យការ ។
ចំពោះជនជាប់ចោទថោង សារ៉ាត់ ជាមេខ្លោងក្នុងបទឧក្រិដ្ឋជួលអង្គរក្សទាំង៤នាក់បាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ យោងតមបញ្ញត្តមាត្រា២០០និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌជនជាប់ចោទទាំង៥ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ក្នុងបទ ឃាតកម្មគិតទុកជាមុន និងបទ សមគំនិត ករណីដែលតុលាការរកឃើញថា ពួកគេមានពិរុទ្ធភាពដូចការចោទប្រកាន់របស់តំណាងអយ្យការ ៕