ក្រុម​ការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​ទីតាំង​ជើង​កប​គ្រោះ​ថ្នាក់​ចរាចរណ៍នៅ​​ផ្លូវ​​ជាតិ​លេខ​៤

លោក ឧកញ៉ា លឹម រស់ (កណ្តាល) ពិនិត្យមើលផ្លូវជាតិលេខ៤ជាមួយក្រុមវិស្វករនិងអ្នកបច្ចេកទេស។
លោក ឧកញ៉ា លឹម រស់ (កណ្តាល) ពិនិត្យមើលផ្លូវជាតិលេខ៤ជាមួយក្រុមវិស្វករនិងអ្នកបច្ចេកទេស។

ខេត្តព្រះសីហនុ៖ មន្រ្តី​​​​ជាន់​ខ្ពស់​​ក្រុមហ៊ុនអេហ្សិតនាពេល​ថ្មីៗនេះ​​បានដឹកនាំ​​​ក្រុម​វិស្វករនិង​អ្នក​បច្ចេក​ទៅ​ពិនិត្យ​​​មើល​​ទី​តាំង​​មួយ​ចំនួន​​​នៅតាម​ដង​ផ្លូវជាតិ៤ ​ដែល​អ្នក​ដំណើរ​​​អះអាងថា ​​ជា​ចំនុចជើងកប​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​កន្លង​​មក។

លោក ឧកញ៉ា​ លឹម រស់ អគ្គនាយក​​ក្រុមហ៊ុនអេហ្សិត​បាន​មាន​ប្រសាសន៍ថា ​​ការ​ចុះ​ពិនិត្យ​មើល​ទី​តាំង​​ទាំង​​​​​​​នោះ​​គឺ​ពិតជា​មាន​សារសំខាន់ណាស់ ដើម្បី​ឲ្យ​ក្រុម​វិស្វករ ​អ្នក​បច្ចេក និង​អ្នក​ជំនាញ​ការងារ​ចរាចរណ៍​​បាន​ដឹង​​​​​​​​ពីមូលហេតុពិត​​ប្រាក​​ដដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍ ហើយ​ពួកគេ​​អាច​រិះរក​វិធីសាស្រ្ត​ទាំង​ផ្នែក​បច្ចេក​​ទេស​​​និង​​ផ្លូវ​ច្បាប់​គឺ​​​​ធ្វើយ៉ាងណាជួយបង្កើន​​សុវត្ថិភាពចរាចរណ៍​​នៅ​ពេល​ធ្វើ​ដំណើរតាម​ដងផ្លូវ។

គួរ​​​បញ្ជាក់ថា ចំណុចជើង​​កប​គឺជាទីតាំងដែល​មន្រ្តី​ជំនាញ​​កំណត់ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​មាន​មនុស្ស​​​ស្លាប់ ឬក៏​​របួសច្រើននាក់ លើស​​ពី​៣​ដង​ក្នុងមួយឆ្នាំ​​នៅ​ចន្លោះផ្លូវប្រមាណប្រវែង​​៣០០​​ម៉ែត្រ។

បន្ទាប់​ពីការចុះត្រួតពិនិត្យ​មក លទ្ធផលបង្ហាញថា គ្រោះថ្នាក់​នៅ​ចំណុច​ជើង​​កបគឺបណ្តាលមក​ពី​ការ​បើក​បរ​ធ្វេសប្រហែស និង​បើកក្នុង​​ល្បឿន​លឿន​ពេក។

លោក​​​​ឧកញ៉ា លឹម រស់ បញ្ជាក់ថា ​ដើម្បី​បញ្ជៀសឲ្យ​បាន​គ្រោះថ្នាក់ចរាចរណ៍​ជា​អតិបរមារ​ នោះអ្នក​ប្រាស់​​ផ្លូវ​ថ្នល់ និងអ្នកធ្វើអាជីវកម្ម​លើវិស័យដឹកជញ្ជូន​ទាំអស់​​​ត្រូវ​​តែ​​​ផ្លាស់ប្តូរ​​ឥរិយាបថក្នុង​ការ​បើកបរ ​ដោយ​​គោរព​​ច្បាប់​ចរាចរណ៍ តាមរយៈ​ការ​​ពង្រឹង​គុណ​ភាព​​លើការងារគ្រប់គ្រងទាំងផ្នែកបច្ចេកទេសយានយន្ត និង​ធ្វើ​ការ​អប់រំដល់​អ្នកបើកបរឲ្យ​​ក្លាយ​ជា​អ្នក​បើក​បរ​អាជីព​ប្រកបដោយវិជ្ជាជីវៈ ខណៈដែល​តម្រូវឲ្យមាន​យន្តការ​ត្រួត​ពិនិត្យ​​ជាប្រចាំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ឲ្យ​បានម៉ឺងម៉ាត់។

លោក​​​ឧកញ៉ា​​បានបន្តថា ដំណើរ​​ចុះពិនិត្យ​ផ្លូវ​នេះ​ក៏​មាន​គោល​បំណងផ្តោតលើ​ការងារ​​​ជួស​ជុល និង​ថែ​ទាំ​​​​​ផ្លូវដែរ​​ដែល​ជា​អទិភាព ដូចជា​ការ​ពង្រីកផ្លូវ​​ពីរង្វង់មូល​ចោមចៅ​ដល់ទីរួមខេត្តកំពង់ស្ពឺ ការ​ពង្រីកផ្លូវ​នៅតាម​កំណាត់​​​ផ្លូវកោង​និង​​ផ្លូវ​ចុះចំណោត ការអ៊ុត​បិទគ្រលុក ស្នាម​ប្រេះតួផ្លូវ គំនូស​ចរាចរណ៍ ការបំពាក់ស្លាក​ចរាចរណ៍​​​ថ្មី និង​ជួសជុល​ស្លាក​ចរាចរណ៍ចាស់ៗ។ល។និង។ល។

នៅ​​ក្នុង​ដំណើរនេះ លោក​​​ឧកញ៉ានិង​ក្រុមការងារ​របស់​​លោក​បាន​ជួប​ជា​មួយម្ចាស់លំនៅដ្ឋាន​មួយ​ចំនួន​ដែល​​​នៅ​ជាប់តាមបណ្តោយផ្លូវជាតិលេខ៤ ពិសេស​​ម្ចាស់​​ផ្ទះដែលស្ថិត​នៅចំណុច​ដែល​ត្រូវ​ពង្រីក​ផ្លូវ។

នៅ​​ក្នុង​ជំនួបនោះ លោកឧកញ៉ា​បាន​ប្រាប់ម្ចាស់លំនៅដ្ឋាន​ថា ក្រុមហ៊ុនអេហ្សិតត្រូវ​ធ្វើ​​​ការ​​ពង្រីកផ្លូវ និង​កាយ​​​ប្រឡាយថ្មី​រំដោះទឹក​​នៅតាម​​មុខផ្ទះ​របស់​ពួកគាត់ ដើម្បី​ជា​ប្រយោជន៍​​សម្រាប់ពួកគាត់​និង​​សាធារណ​ជន​ទូ​ទៅ ហើយថា ​ការ​កាយ​ប្រឡាយនេះ ក្រុម​ហ៊ុន​​​ជា​អ្នក​ជួយ​ តែ​​ម្ចាស់ផ្ទះ​ត្រូវ​ចេញ​ថ្លៃ​បំពង់​លូ​និង​កប់​លូ​ដោយ​រៀប​ឥដ្ឋ​​​​ចាក់​សាប​ឲ្យបាន​ស្អាត​ល្អតាម​លក្ខណៈបច្ចេកទេស។

លោក​ឧកញ៉ាក៏​បាន​អំពាវនាវ​​ឲ្យ​ម្ចាស់លំ​នៅដ្ឋាន​នៅតាមបណ្តោយ​​ផ្លូវ​ជាតិលេខ៤ ក៏​ដូចជា​អ្នក​ប្រើប្រាស់​ដង​​​​ផ្លូវ​​ជាតិនេះដែរឲ្យ​ជួយ​ថែទាំផ្លូវទាំងអស់គ្នា ហើយ​​​បើកបរ​ឲ្យ​ប្រុង​ប្រយ័ត្ន​​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​របស់​​អ្នក​ដំណើរ​​ទាំងអស់។​

លោក បូ ម្ចាស់​លំនៅដ្ឋានមួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិលេខ៤​នៅចំណុច​ផ្សារ​ព្រៃផ្តៅ​​បាន​និយាយថា ក្នុង​​​​​​នាម​​លោក​ជា​អ្នក​តំណាង​​​ពលរដ្ឋដែលរស់នៅទី​នោះ លោក​បាន​ឯកភាពចំពោះ​ការ​​ការ​អភិវឌ្ឍ​ផ្លូវ​នេះ ដើម្បី​បាន​​​ផ្លូវ​ទូលាយផង មានសោភ័ណ្ឌភាព​ផង និង​​មាន​សុវត្ថិភាពផង។

លោក​​​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋដែល​​រស់​នៅក្នុង​តំបន់​​ផ្សារ​ព្រៃផ្តៅ​បាន​ឯកភាព​រំកិល​​របង​ផ្ទះ​ចូលក្នុង ដើម្បី​​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុនបានពង្រីកផ្លូវកាន់តែធំ។

គួររំលឹកថា ក្រុមហ៊ុនអេហ្សិត​​បាន​ទទួលសិទ្ធិពី​រាជរដ្ឋាភិបាលកម្ពុជា​ដើម្បីថែទាំ​ និងជួស​ជុលផ្លូវ​ជា​លេខ​៤ ហើយ​​កន្លងមក​នេះ ក្រុមហ៊ុន​​បានពង្រីក​ផ្លូវ​៤​ជួរ​ចាប់​ពី​តំបន់​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្ត​កំពង់​ស្ពឺ និង​​ពង្រីកផ្លូវ​នៅ​តាម​ទី​ប្រជុំជន​មាន​ដូច​ជាទីរួមខេត្ត​កំពង់​ស្ពឺ ពេ​ជ្រនិល​ ទី​ប្រជុំជន​វាល​រេញ​ ទីប្រជុំ​ជន​ស្មាច់​​​ដែង​​ដល់​ឃ្លាំងលើ និង​​ពង្រីក​កំណាត់​ផ្លូវខ្លីៗផ្សេងទៀត​ដូច​ជា​ ភូមិសាស្រ្តដែលមានចរាចរ​មមា​ញឹក​​កំណាត់ ផ្លូវ កោង​ និង​កំណាត់​ផ្លូវ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍៕ (អត្ថបទសហការី)

លោក ឧកញ៉ា លឹម រស់ អគ្គនាយកក្រុមហ៊ុនអេហ្សិតជួបម្ចាស់លំនៅដ្ឋានជាប់ដងផ្លូវជាតិលេខ៤។
លោក ឧកញ៉ា លឹម រស់ អគ្គនាយកក្រុមហ៊ុនអេហ្សិតជួបម្ចាស់លំនៅដ្ឋានជាប់ដងផ្លូវជាតិលេខ៤។

Related Articles

Back to top button
Close
Close