ក្រសួង សុខាភិបាល គ្រោងបង្កើត សេវាព្យាបាល អ្នកញៀន គ្រឿងញៀន តាមមូលដ្ឋាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ វិច្ចិកា ២០១៤) ៖ ដោយមើលឃើញ ពីចំនួនមណ្ឌលបន្សាបគ្រឿងញៀន មានចំនួនតិចក្នុងរាជធានី និងតាមបណ្តាខេត្ត ក្រសួងសុខាភិបាល គ្រោងបង្កើតសេវាព្យាបាលអ្នកញៀនថ្នាំ តាមមណ្ឌលសុខភាព ក្នុងមូលដ្ឋានផ្ទាល់តែម្តង ដើម្បីបង្កលក្ខណៈងាយស្រួល និង ប្រសិទ្ធភាពនៃការព្យាបាល។
លោក ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសសិក្ខាសាលា ស្តីពីការកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន និងការព្យាបាល ដែលផ្អែកលើសហគមន៍ នៅថ្ងៃទី២៧ ខែវិច្ឆិកាថា ក្នុងឆ្នាំ២០១៥ ខាងមុខ រាជរដ្ឋាភិបាលគ្រោងបង្កើត ការផ្តល់សេវាព្យាបាលអ្នកញៀនថ្នាំញៀន តាមមូលដ្ឋានសហគមន៍ផ្ទាល់តែម្តង ដោយបច្ចុប្បន្ន ក្រសួងបានសាងល្បងការងារនេះ ក្នុងរាជធានីភ្នំពេញ និង ខេត្តបន្ទាយមានជ័យ។
លោកថ្លែងថា “ ការព្យាបាលតាមរយៈបន្សាប នៅតាមមណ្ឌល ច្រើនតែមានការរិះគន់ ពីសំណាក់អង្គការសង្គមស៊ីវិលថាយើង ដូចឃុំឃាំងមនុស្សខុសច្បាប់ ចឹងបានយើងគ្រោង បង្កើតសេវាព្យាបាល តាមសហគមន៍ផ្ទាល់តែម្តង”។
លោកបន្ថែមថា ការព្យាបាលតាមមូលដ្ឋាន ត្រូវបានធ្វើឡើងរយៈការផ្តល់សេវាផ្ទាល់ តាមមណ្ឌលសុខភាព ដោយទទួលបានការព្យាបាល ថ្នាំ ជាដើម៕