រាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តរៀបចំបុណ្យ ទន្លេចាប់ពីឆ្នាំក្រោយទៅ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ តុលា ២០១៤) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យ ស្តីពីការរៀបចំ បុណ្យទន្លេ ចាប់ពីឆ្នាំក្រោយទៅ នៅតាមបណ្តាខេត្ត ដែលជាប់ដងទន្លេ ។
យោងតាម អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញផ្សាយ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា បុណ្យទន្លេនេះ ត្រូវបានកំណត់ យកក្នុងសប្តាហ៍ទី១ ឬទី២ ខែមីនា ជារៀងរាល់ឆ្នាំ ដោយមានការផ្លាស់ប្តូរវេន នៅតាម ខេត្តជាប់ដងទន្លេនៅកម្ពុជា ។
គោលបំណង នៃបុណ្យទន្លេនេះ ដើម្បីបំផុសចលនាមហាជន ឲ្យចូលរួមក្នុងការងារ អភិរក្ស និងអភិវឌ្ឍ ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្ម ទេសចរណ៍ តាមរយៈ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេ ។អនុក្រឹត្យបានឲ្យដឹង ទៀតថា វិធានការ និងនីតិវិធី នៃការរៀបចំបុណ្យទន្លេ ត្រូវកំណត់លម្អិត ដោយ ប្រកាសរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។
រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រដ្ឋមន្រ្តី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួន ៕