ក្រសួងអប់រំសម្រេចឲ្យកញ្ញា សៀវ ម៉ី ជាប់សញ្ញាបត្របាក់ឌុបលើកទី២ដោយស្វ័យប្រវត្តិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ តុលា ២០១៤) ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាស ដោយលើកយកការសម្រេចរបស់ក្រសួងអប់រំមកបញ្ជាក់ថា កញ្ញា សៀវ ម៉ី ត្រូវបានក្រសួងអប់រំសម្រេចឲ្យជាប់សញ្ញាបត្របាក់ឌុបលើកទី២នេះ ដោយស្វ័យប្រវត្តិហើយ និងផ្តល់អាហារូបករណ៍នៅគ្រឹះស្ថានរដ្ឋណាមួយ។
លោកនាយករដ្ឋមន្រ្តីប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរជ័យលាភីមេដាយមាស Asian Games លើកទី១៧ កីឡាការិនី ស៊ន សៀវម៉ី នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី នាពាក់កណ្តលអធ្រាត្រថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថាមហាវិទ្យាល័យនោះអាស្រ័យលើកញ្ញា សៀវ ម៉ី ជាអ្នកជ្រើសរើសដោយបានទុកពេលចំនួនបីថ្ងៃដើម្បីគិត។ ជាមួយនេះលោកបានផ្តល់នូវថវិកាជួយចិញ្ចឹមដល់កញ្ញាក្នុងមួយខែចំនួន១០០ដុល្លារហើយក្នុងមួយឆ្នាំគឺស្មើនឹង ១៥០០ដុល្លាររហូតដល់សៀវម៉ីរៀនចប់។
បើតាមលោកនាយករដ្ឋមន្រ្តី ក្រសួងអប់រំបានសម្រេចថា រាល់កីឡាករកីឡាការិនី ដែលចេញទៅប្រកួតជាលក្ខណៈអន្តរជាតិហើយដណ្តើមបានមេដាយមាស ហើយត្រូវជាប់កាតព្វកិច្ចប្រឡងផ្សេងៗ នឹងត្រូវឲ្យជាប់ជាស្វ័យប្រវត្តិ ប៉ុន្តែទាល់តែបានមេដាយមាស។
គួរបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី បានប្រឡងធ្លាក់សញ្ញាបត្រទុតិយភូមិ ឬ បាក់ឌុប ក្នុងការប្រឡង កាលពីដើម ខែសីហាកន្លងមក ហើយនឹងត្រូវប្រឡងលើកទី២នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ ប៉ុន្តែឥឡូវត្រូវក្រសួងអប់រំសម្រេចឲ្យជាប់ជាស្វ័យប្រវត្តិហើយ និងផ្តល់អាហារូបករណ៍នៅគ្រឹះស្ថានរដ្ឋណាមួយទៀតផង៕