ក្មេងស្រីអាយុ១០ឆ្នាំ ត្រូវម្តាយនាំឱ្យប្រុសសហាយរំលោភ
សារព័ត៌មាន Cambodia News/
កំពង់ចាម (០១ តុលា ២០១៤) ៖ ស្ត្រីជាម្តាយ និងប្រុសសហាយ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនឡើងសាលាដំបូងខេត្ត នាថ្ងៃទី៣០ កញ្ញា ជាប់ចោទនាំកូនស្រីបង្កើតដែលទើបតែអាយុ១០ឆ្នាំ ឱ្យប្រុសសហាយរំលោភសេពសន្ថវៈ ដើម្បីបំពេញចំណង់កាមតណ្ហារបស់ខ្លួន ។
ជនសង្ស័យទាំងពីរនាក់ ១-ឈ្មោះ នៅ សារ៉ាន់ ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ២-ឈ្មោះ សុខ មិន ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិវៀតណាម នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ត្រូវជាប្រុសសហាយ ។
ស្ត្រីជាម្តាយឈ្មោះ សារ៉ាន់ បាននាំកូនស្រីបង្កើតរបស់ខ្លួនអាយុ១០ឆ្នាំ ទៅដើរលេងរហូតដល់ម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ កញ្ញា ទើបនាំមកដាក់នៅមុខផ្ទះវិញ ។ ដោយសារឃើញចៅស្រីដើរក្នុងសភាពខុសប្លែកពីធម្មតា ស្ត្រីចំណាស់ជាជីដូនបានសួរនាំ ចៅស្រីក៏ប្រាប់ថា ម្តាយនាងបានយកនាងទៅដល់ផ្ទះជួលមួយកន្លែងនៅភូមិបឹងកុកទី២ ឱ្យមនុស្ស៣នាក់ចាប់រំលោភ ។
រហូតដល់វេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ កញ្ញា ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកុក បានទទួលពាក្យបណ្តឹង ពីស្ត្រីចំណាស់ឈ្មោះ លុយ ស៊ាងហាក់ អាយុ៥១ឆ្នាំ នៅភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក បានប្ដឹងពីអតីកូនប្រសាស្រីឈ្មោះសារ៉ាន់ ថា បានល្បួងចៅស្រីរបស់គាត់អាយុ១០ឆ្នាំ ទៅឱ្យគេចាប់រំលោភ ។
កម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងកុកសហការជាមួយនឹងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងកំពង់ចាមចុះទៅនាំខ្លួនជនសង្ស័យទាំង២នាក់ ខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាមតែម្ដង៕