ឧទ្ធម្ភាគចក្រថៃ ដែលកំពុងបាត់ខ្លួន គឺធ្លាក់នៅភាគខាងជើង មីយ៉ាន់ម៉ា
សារព័ត៌មាន Cambodia News/
រ៉ង់ហ្គូន៖ ឧទ្ធម្ភាគចក្រផ្គត់ផ្គង់ស្បៀងមួយគ្រឿងរបស់ប្រទេសថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ក្នុងពេលបំពេញបេសកកម្មស្វែងរក អ្នកឡើងភ្នំដែលបាត់ខ្លួន ពីររូបនោះ គឺបានធ្លាក់នៅរដ្ឋ កាឈីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាម អាជ្ញាធរក្នុងតំបន់របស់មីយ៉ាន់ម៉ាថា គេបានទទួលព័ត៌មាន នេះពីអ្នកភូមិ នៅតំបន់ ណួងម៉ុន កាលពីវេលាម៉ោង ០៣ទៀបភ្លឺ ម៉ោងក្នុងតំបន់ថ្ងៃអង្គារនេះ។
នៅលើឧទ្ធម្ភាគចក្រនោះ មានអាកាសយានិកថៃម្នាក់ និងអាកាសយានិក មីយ៉ាន់ម៉ាចំនួនពីរនាក់ ហើយពាក់ព័ន្ធនឹងព័ត៌មាននេះ កងទ័ព និងប៉ូលីសក្នុងតំបន់ កំពុងស្វះស្វែងដើម្បីចូលទៅកាន់ កន្លែងធ្លាក់ឧទ្ធម្ភាគចក្រ បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ខ្លួន អំឡុងពេលបំពេញបេសសកកម្មស្វែងរកអ្នកឡើងភ្នំមីយ៉ាន់ម៉ាពីររូប កាលពីមុននេះនោះ គឺបានបាត់ការទាក់ទងបន្ទាប់ពីហោះហើរបាន ២០នាទី ពីអាកាសយានដ្ឋាន ពូតៅ កាលពីវេលាម៉ោង ២ និង២០នាទីរសៀល ម៉ោងក្នុងតំបន់ កាលពីថ្ងៃសៅរ៍៕