មនុស្ស ៣០ស្លាប់ដោយសារការផ្ទុះភ្នំភ្លើងក្នុងប្រទេសជប៉ុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ កញ្ញា ២០១៤) ៖ យ៉ាងហោចណាស់មនុស្សចំនួន៣០ត្រូវបានគេអះអាងថាស្លាប់នៅក្បែរភ្នំអូតាគី Ontakeបន្ទាប់ពីការផ្ទុះភ្នំភ្លើងមួយកាលពីថ្ងៃសៅរ៍ ការអះអាងចុងក្រោយនៃការស្លាប់នៅក្នុងប្រទេសជប៉ុន គឺបានធ្វើឡើងតាមរយៈការធ្វើកោសល្យវិច័យ។
ហើយក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកអ្នកឡើងភ្នំ ដែលត្រូវបានជាប់នៅទីនោះ ឬអ្នកបាត់ខ្លួនបន្ដទៀត។របាយការណ៍បានឱ្យដឹងថាផ្សែងផេះភ្នំភ្លើង បានគ្របដណ្តប់យ៉ាងក្រាស់នៅលើភ្នំ ដែលជាការលំបាកដល់សកម្មភាពការងាររបស់ក្រុមអ្នកជួយសង្គ្រោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។
អាជ្ញាធរក្នុងតំបន់នោះបាននិយាយថា ចំនួនពិតប្រាកដនៃមនុស្សបាត់ខ្លួន គឺមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ប៉ុន្ដែគេគ្រាន់តែអាច ប៉ាន់ប្រមាណបានថាមានចំនួន ២០០ទៅ ២៥០នៃចំនួន អ្នកឡើងភ្នំក្នុងតំបន់ នៃការផ្ទុះភ្នំភ្លើងនេះ ។ អាជ្ញាធរបន្ដថា មនុស្សមួយចំនួននៅតែជាប់ក្នុងខ្ទមជាច្រើននៅលើភ្នំ ហើយមួយចំនួនទៀតត្រូវបានបាត់ខ្លួន។
ភ្នំភ្លើងដែលបានផ្ទុះឡើងនេះមានចំងាយប្រហែលចម្ងាយ ២០០គីឡូម៉ែត្រ 125 ម៉ាយល៍)ភាគខាងលិចនៃទីក្រុងតូក្យូ ។ ប្រទេសជប៉ុនគឺជាផ្នែកមួយនៃការរញ្ជួយដី និងផ្ទុះភ្នំភ្លើងច្រើនជាងគេ ក្នុងចំណោមប្រទេសនៅលើពិភពលោក៕