គ្រូទាយតាមអ៊ីនធឺណិត បង់សេវាតាមវីង
សារព័ត៌មាន Cambodia News/
ភ្នំពេញ(០១ កញ្ញា ២០១៤) ៖ ជំនឿលើការគន់គូរទស្សន៍ទាយបែបជំនឿអរូបី មិនជាទទួលបានការជឿទុកចិត្តច្រើនឡើយពីមហាជន ពិសេសនៅសម័យបច្ចេកវិទ្យាទំនើបនេះ។
យ៉ាងណា វាក៏ជាការភ្ញាក់ផ្អើលផងដែរ ខណៈនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បែរជាមានទំព័រទស្សន៍ទាយមួយដែលមានឈ្មោះ «ផ្ទះលោកតាហោរា» ដែលពេលនេះកំពុងទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ហើយថែមទាំងកំណត់ឲ្យអតិថិជនបង់សេវាថ្លៃមើលជោគជតារាសីតាមរយៈបណ្ដាញផ្ញើប្រាក់វីងនោះ។
នៅក្នុងទំព័រទស្សន៍ទាយ ផ្ទះលោកតាហោរា មានចេញសេចក្ដីជូនដំណឹងទៀតថា រាល់ការទស្សន៍ទាយត្រូវបង់សេវាអ្នកទស្សន៍ទាយទូទៅ ៥ ដុល្លារក្នុងម្ដង។ សម្រាប់ការមើលពីរាសីប្រចាំខែមានតម្លៃ ៥ ដុល្លារក្នុងមួយខែ ខណៈការទស្សន៍ទាយពីរាសីប្រចាំឆ្នាំមានតម្លៃ ១០ ដុល្លារក្នុងមួយឆ្នាំ។
ដោយឡែកការគន់គូររកគូស្រករ ឬមើលថាចំណងមេត្រីនោះល្អ ឬមិនល្អ មានតម្លៃ ១០ ដុល្លារក្នុងម្ដង រីឯការមើលពេលាសម្រាប់រៀបចំពិធីផ្សេងៗមានតម្លៃខ្ពស់ជាងគេបន្តិចគឺ ១៥ ដុល្លារក្នុងម្ដង៕