តើ​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ទាំង​ ៣៦​រូប​ជានរ​ណា​មក​ដល់​បច្ចុប្បន្ន​នេះ?​

ក្នុង​​​ចំណោម​នាយករដ្ឋមន្រ្តី​​ទាំងនោះតើ​​នាយករដ្ឋមន្រ្តីណា​​​​ត្រូវបាន​គេ​​​បំពុលសម្លាប់ ​​​ចាប់​​ចង ចាប់​ដាក់​គុក ​បាញ់ចោល និង​រត់​និរទេសខ្លួន?

 

1

ដោយកញ្ញា សុវណ្ណបាថ
ភ្នំពេញ (២០ សីហា ២០១៤)៖ ក្នុង​​ចំណោម​នាយករដ្ឋមន្រ្តី​ខ្មែរ​ទាំង៣៦​រូប​ មាន​នាយករដ្ឋមន្រ្តី​ខ្លះ​​​​បាន​ស្លាប់​នៅក្នុង​ការិយាល័យពីបទសង្ស័យថា​ត្រូវបាន​គេដាក់​ថ្នាំ​​បំពុល នាយករដ្ឋមន្រ្តី​ខ្លះ​​ត្រូវបាន​គេ​​​ចាប់​​ចង ​ដាក់គុក ​​និង​បាញ់ចោល ហើយ​​ខ្លះទៀត​បាន​រត់​និរទេសខ្លួនស្លាប់ចោល​ឆ្អឹង​នៅ​បរទេស ដោយ​សារ​​តែនយោបាយ​​ចង​​អា​ឃាតគ្នា ​​​យក​ឈ្នះ​​យក​ចាញ់​​ស្លាប់រស់ ​​​​​​និង​មិន​​​ចេះ​​​​​អត់​​​ឱន​ឲ្យគ្នា។

បញ្ហាទាំងនេះ​​ត្រូវ​បាន​រៀបរាប់​នៅក្នុង​​សៀវ​ភៅ​​ថ្មីមួយ​​ដែល​មាន​ចំណងជើងថា “នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ទាំង​​​៣៦​​​​រូប​ជានរណា?” ដែលចងក្រង​ឡើង​ដោយ លោក ឆាយ សុផល អ្នក​សារព័ត៌មាន​ដែលមាន​បទ​​ពិសោធន៍​ជាង​​២០​​ឆ្នាំ​​មក​​ហើយ។​

ថ្លែង​នៅ​ក្នុង​ពិធីសម្ពោធ​​សៀវភៅ​​នៅ​ឯ​ការិយាល័យ​ក្លឹប​អ្នកកាសែត​កម្ពុជានា​ព្រឹក​ថ្ងៃ​ទី​២០ សីហា នេះ អ្នកនិពន្ធ ឆាយ សុផល បាន​​រៀប​រាប់​ថា សៀវភៅ​នេះ​​​មាន​គោល​បំណង​ឲ្យ​មិត្ត​​អ្នកអាន​​បាន​ដឹង​​ពី​​ប្រវត្តិ​​សង្ខេប​​ទាក់​ទិន​​នឹង​ការ​​ចាប់​​ផ្តើម​ ​ការ​ចាក​ចេញ ​ការ​បាត់​បង់​ទាំង​អំណាច​និង​ជីវិត និង​ការ​បន្ត​តំណែង​​​​របស់​​​ប្រមុខ​​​​រដ្ឋា​ភិ​បាលកម្ពុជា​កន្លងមក ហើយ​​បាន​ដឹង​​ពី​​នយោ​បាយ​​​ចាក់​​​ស្រែះ​​​ក្នុង​ជម្លោះ​ផ្ទៃ​ក្នុង​​​ផង​​​ ​​និង​​ឥទ្ធិពលអំណាចនិង​ជំនួយ​​បរទេស​​ផង​នៅក្នុង​ប្រទេស ពិសេស​​​ការប្រើ​យុទ្ធ​សាស្រ្ត ​“ទឹក​​​​​ឡើង​​​​​​ត្រី​​ស៊ី​​ស្រមោច ទឹក​​​​​​​​ហោច​​ស្រមោច​ស៊ី​ត្រី”។

លោក ឆាយ សុផល ដែល​ជាសមាជិក​​នាយក​នៃ​ក្លឹប​អ្នក​កាសែតកម្ពុជាដែរនោះ​​បាន​​បញ្ជាក់ថា សៀវ​ភៅនេះ​បានរៀបរាប់​ពីប្រវត្តិ​នាយករដ្ឋមន្រ្តី​ខ្មែរ​ចំនួន​៣៦​រូបចាប់តាំង​ពី​ឆ្នាំ១៩៤៥ មកដល់បច្ចុប្បន្នហើយ​​​​ក៏​រៀបរាប់​ពី​​ជីវិត​ឯកជន​របស់​នាយ​ក​រដ្ឋមន្រ្តី​ទាំង​៣៦​រូបដូច​ជា ការសិក្សា ជិវិតស្នេហា ​ប្រពន្ធ និងកូនចៅ ព្រម​ទាំង​ការចូលចិត្តម្ហូបនិងការលេងកីឡាជាដើម។

សៀវ​ភៅក៏បាន​បញ្ចូល​នូវព្រឹត្តិការណ៍​នយោបាយ​សំខាន់ៗជាច្រើន​​ដែលមាន​​​ចាប់​តាំង​ពីឆ្នាំ ១៩​៤៥ មកដល់​ថ្ងៃ​​ទី​២២ កក្កដា ២០១៤ ជា​ថ្ងៃ​ដែល​គណបក្ស​​សង្រ្គោះជាតិ​បាន​សម្រេចចិត្ត​ចូលរួម​ក្នុង​សភា​ជាតិ​​ជា​មួយ​​គណប្ស​ប្រជាជនកម្ពុជា​​ បន្ទាប់​ជាប់គាំង​នយោ​បាយ​​អស់ជិតមួយ​ឆ្នាំ។

លោក សម រង្ស៊ី ក៏ត្រូវបានអ្នកនិពន្ធ ឆាយ សុផល រៀបរាប់​ពី​ប្រវត្តិ​ជីវិត​ឯកជន​និង​ការងារ​នយោ​​បាយ​របស់លោកដែរគិតត្រឹម​ថ្ងៃទី ២២ កក្កដា ដោយលោក​​អះអាងថា “ដោយ​សារ​តែ​ឯកឧត្តម សម រង្ស៊ី បាន​​​​​​​​​ជាប់ពាក់ព័ន្ធយ៉ាង​​​ជ្រៅ​​ក្នុងនយោបាយនិងបាន​​​ព្យា​​​យាម​​​ចង់​​​ធ្វើ​​​​ជា​​នាយក​រដ្ឋ​មន្រ្តី​​តាំង​​​ពី​​អាណត្តិ​​ទី​២​នា​​​ឆ្នាំ​១៩៩៨​រហូត​​​​មក​​​ដល់​​​បច្ចុប្បន្ន ហើយ​​លោក​តែង​​​តែ​​មាន​​​​ជម្លោះ​​ជា​​​មួយ​​អតី​នាយក​​រដ្ឋ​មន្រ្តី ដូចជាសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ពិសេស​​ជា​​មួយ​​សម្តេចតេជោ​​​នាយ​ក​​​​​​​រដ្ឋមន្រ្តី ហ៊ុន សែន នា​​ពេល​បច្ចុប្បន្នមិន​​ចេះ​ចប់​​ផងនោះ ទើប​ខ្ញុំ​​​សម្រេច​ចិត្ត​​​​​​​​បញ្ចូល​​​ប្រវត្តិ​​សង្ខេប​របស់​​​លោក​​នៅ​ក្នុង​​​​​សៀវ​​​ភៅ​​​នេះ​​ដែរ”។

លោក​ សុផល បញ្ជាក់ថា ទាំង​អ្នក​គាំទ្រ​លោក សម រង្ស៊ី និង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ព្រម​ទាំង​អ្នកនិយម​កណ្តាល​នឹង​ទទួល​បាន​ព័ត៌មាន​សំខាន់ៗនិង​ចំណេះដឹង​បន្ថែម​ដែលមាន​ប្រយោជន៍​​​ពីការអានសៀវភៅនេះ។

​លោក ឆាយ សុផល បន្ត​ថា សៀវភៅនេះគឺ​​ទុក​សម្រាប់​ឲ្យមនុស្ស​​ជំនាន់ថ្មី​​បាន​ដឹង​និង​​ទុក​​​​ជា​មេរៀនដែលដិតដាមនា​អតីតកាលដែលពោរពេញដោយយុទ្ធសាស្រ្ត “ទឹក​​​​ឡើង​​​​ត្រី​​ស៊ី​​ស្រមោច ទឹក​​​​​​​​ហោច​​ស្រមោច​ស៊ី​ត្រី” ​ជា​ល្បែង​​​​​ដណ្តើម​​អំណាច​​ប្រកប​​​​ដោយ​​​គ្រោះ​​​ថ្នាក់​បំផុត​​​​​ដែល​​​ឥស្សរ​ជន​​នយោ​បាយ​​​ខ្មែរ​ខ្លះ​​បាន​​លេង​នៅ​​​​​​​ក្នុង​​​​ប្រវត្តិ​សាស្រ្ត​​​កម្ពុជា។

លោកបាន​បន្តថា កន្លងមកនៅ​​​​​ពេល​បាន​កាន់​អំណាច វាគឺ​​ជារឿងអន្តរាយបំផុត​សម្រាប់​ជាតិ​និង​​ប្រជា​រាស្រ្ត​ដែល​ឥស្សរ​ជន​នយោ​បាយ​មួយ​ចំនួន​បាន​យក​​​យុទ្ធ​សាស្រ្ត​ “​​​​​​ធ្វើ​​​​បាប ​​ចង​​អា​ឃាតគ្នា និង​​យក​ឈ្នះ​​យក​ចាញ់​​ស្លាប់រស់ ដោយ​​​​​​មិន​​​ចេះ​​​​​អត់​​​ឱន​ឲ្យគ្នា ដែលបញ្ហានេះបាន​បង្កើត​​​ឲ្យ​​មាន​​​ការ​​ឈឺ​​ចាប់ និង​​ជម្រុញ​​​ឲ្យ​មាន​ចលនា​តស៊ូវាយ​បក​​​សង​សឹកគ្នា​គ្មាន​ទី​បញ្ចប់។ ជា​លទ្ធ​​ផល ជាតិ​និង​ប្រជា​ជន​ទទួល​នូវ​​ភាព​​អន្តរាយ​ ហើយ​​​​ប្រទេស​ជិត​​​ខាង​​ជា​​អ្នក​ទទួល​​​ផល”។
លោក សុផល បាន​​ប្រាប់ថា លោក​បាន​ចំណាយ​ពេលជិត៤ឆ្នាំ​ដើម្បី​​បាន​​សៀវ​ភៅ​នេះ ដោយ​​យោង​លើ​ឯកសារ​ជាង៨០ប្រភេទ និង​​ប្រភពមនុស្សជាច្រើន​នាក់ ហើយ​បាន​​ប្រើ​​​​ប្រាស់​​​​​​​​បណ្ណា​​ល័យ​​​ជាតិ ​បណ្ណសារដ្ឋានជាតិកម្ពុជា បណ្ណា​ល័យ​ព្រឹទ្ធ​សភា បណ្ណា​​​ល័យមជ្ឈ​​​​មណ្ឌល​​​​ឯក​សារ​កម្ពុជា បន្ទប់​​​ព័ត៌​​មាន​​​​​នៃ​​​សាលាក្តី​ខ្មែរ​ក្រហម បណ្ណា​ល័យមួយនៅ​​សាកលមួយ​វិទ្យា​ល័យ​ភូម្ទិ​ភ្នំពេញ ដើម្បី​​​​ប្រមូល​​​ឯក​សារ៕

2

Related Articles

Back to top button
Close
Close