កម្មករ រោងចក្រ ស៊ិចផ្លាស់អិនដាស្ទ្រី ជិត ២០០នាក់ ដួលសន្លប់ ជាបន្ត បន្ទាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ កក្កដា ២០១៤)៖ នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា នេះ ក្រុមកម្មករជិត ២០០នាក់ ដែលបម្រើការងារ នៅរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស៊ិចផ្លាស់ អិនដាស្ទ្រី ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានបន្តដួលសន្លប់ ជាបន្ត បន្ទាប់ ដោយសារតែបរិស្ថាននៅក្នុងរោងចក្រ។
លោក មឿន សារ៉ា បុគ្គលិកសហជីព សេរីកម្មករ អង្កេតការណ៍ នៅរោងចក្រស៊ិចផ្លាស់ មានប្រសាសន៍ ថា តាមការសាកសួរ របស់លោកទៅកាន់ក្រុមកម្មករដែល មកព្យាបាលនៅមណ្ឌលសុខ ភាព ព្រែកអញ្ចាញ ស្រុកមុខកំពូល ពួកគេបានប្រាប់ថា ពួកគេមានអារម្មណ៍ហេវហត់ អស់កម្លាំង ថប់ដង្ហើម ញ័រទ្រូង ខ្សោយ ងងឹតមុខ ហើយក៏បានចាប់ផ្តើមដួលសន្លប់ ជាបន្តបន្ទាប់តែម្តងទៅ ។
មន្រ្តីខាងលើបន្ថែមថា បន្ទាប់ពីការដួលសន្លប់ហើយ ខាងរោងចក្រ និងខាងមន្រ្តីក្រសួងការងារ បានចុះ ទៅត្រួតពិនិត្យដោយផ្ទាល់ នៅក្នុងរោងចក្រ ហើយក៏បញ្ជូនពួកគេទៅ សម្រាក់ព្យាបាលនៅតាមមណ្ឌល សុខភាពស្រុកនានា ។
សូមបញ្ជាក់ថា ក្រុមកម្មកររោងចក្រនេះ កាលពីថ្ងៃទី២៦ ខែកក្កដា បានដួលសន្លប់១៥០នាក់ និងថ្ងៃទី ២៨កក្កដា សន្លប់៣៩នាក់ ដោយសារធុំក្លិនថ្នាំពុល ៕