ស្ពានអាកាស ស្ទឹងមានជ័យ បើកសម្ពោធ ដាក់ឲ្យដំណើរការនាព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ កក្កដា ២០១៤) ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ ស្ពានអាកាសស្ទឹងមានជ័យ ដែលជាស្ពានអាកាសទី៣ នៅក្នុងរាជធានីភ្នំពេញ បើកសម្ពោធដាក់ឲ្យធ្វើ ដំណើរឆ្លងកាត់ហើយ បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេល ២០ខែ ក្រោមទំហំទឹកប្រាក់ប្រមាណជា ១៩លានដុល្លារ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធសមិទ្ធផល ស្ពានអាកាសស្ទឹងមានជ័យនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ពានអាកាសស្ទឹងមានជ័យនេះ ត្រូវបានសាង សង់រួចរាល់មុនកាលកំណត់ ៨ខែ ដោយមានការជំរុញពន្លឿនការងារពីសាលារាជធានីភ្នំពេញ ក៏ដូចជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក បន្តថា សមិទ្ធិផលស្ពានអាកាសស្ទឹងមានជ័យ ដែលជាស្ពានអាកាសមានប្រវែងវែង និងផ្លូវខ្វែងខ្វាត់ច្រើនខ្សែនេះ ជាសមិទ្ធ ផល ដ៏ថ្មីសន្លាងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេច តេជោ ហ៊ុន សែន។ ស្ពានអាកាសស្ទឹងមានជ័យដំណើការសាងសង់ដោយក្រុមហ៊ុនវិនិយោគ ICOC របស់លោក ឧកញ៉ា ពង់ ឈីវសែ៕