អ្នកព័ត៌មានខ្មែរម្នាក់នឹងចូលរួមសិក្ខាសាលាសិទ្ធិមនុស្សនៅកូរ៉េខាងជើង
សារប័ត៌មានយុវវ័យថ្មី/Cambodia News/
ហេង នាង
ភ្នំពេញ (៣ កក្កដា ២០១៤)៖ លោក ឆាយ សុផល និពន្ធនាយកសារព័ត៌មានយុវវ័យថ្មី និងជាអ្នកនិពន្ធសៀវភៅប្រត្តិសាស្រ្តត្រូវបានអញ្ជើញឲ្យចូលរួមនិងយកព័ត៌មាននៅក្នុងសិក្ខាសាលាមួយនៅទីក្រុងសេអ៊ូលរយៈពេលពីរថ្ងៃកន្លះដែលឧបត្ថម្ភដោយក្រសួងការបរទេសអាម៉េរិក ស្តីពីសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង។
សិក្ខាសាលាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ កក្កដាខាងមុខនេះ ត្រូវបានរៀបចំដោយអង្គការ East-West Center ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ សហរដ្ឋអាម៉េរិក ដោយមានអ្នកចូលរួមជាអ្នកជំនាញផ្នែកសិទ្ធិមនុស្សមកពីស្ថាប័នជាតិនិងសង្គមស៊ីវិលប្រមាណ៤០ និងអ្នកសារព័ត៌មាននៅក្នុងពិភពលោកនិងក្នុងតំបន់។
សិក្ខាសាលាមានគោលបំណងសំខាន់ឲ្យអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិធ្វើបច្ចុប្បន្នភាពស្តីពីបញ្ហាសិទ្ធិមនុស្សនៅកូរ៉េខាងជើងនិងក្នុងតំបន់ដល់អ្នកចូលរួម ហើយពិភាក្សាពីនិយាមអន្តរជាតិមួយដើម្បីធ្វើរបាយការណ៍ស្តីពីសិទ្ធិមនុស្សគួរឲ្យជឿជាក់ និងពិភាក្សាពីមធ្យោបាយនានាដើម្បីធ្វើឲ្យសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានកាន់តែប្រសើរឡើងស្តីពីបញ្ហាសិទ្ធិមនុស្ស ។
គួរបញ្ជាក់ថា លោក សុផល ធ្លាប់បានទៅខេត្តមួយនៅក្នុងប្រទេសកូរ៉េខាងជើងជាប់នឹងកូរ៉េខាងត្បូងកាលពីប៉ុន្មានឆ្នាំមុននេះ ដែលដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងដោយសមាគមអ្នកកាសែតកូរ៉េខាងត្បូង។
នៅក្នុងសិក្ខាសាលាសប្តាហ៍ក្រោយនេះ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សកម្ពុជាក៏នឹងចូលរួមដែរ៕