វិធីងាយៗប្រឆាំងនឹងរោគផ្ដាសាយនារដូវភ្លៀង
សារព័ត៌មាន Cambodia News/
សុខភាព (០១ កក្កដា ២០១៤) ៖ ស្របពេលដែលរដូវភ្លៀងចូលមកដល់ អាកាសធាតុចាប់ផ្ដើមរងាជាងមុន បញ្ហាចម្បងដែលមនុស្សទូទៅប្រឈមគឺជំងឺផ្ដាសាយ។
ផ្ដាសាយ ជាជំងឺម៉្យាងដែលមិនជាធ្ងន់ធ្ងរនោះទេ ប៉ុន្តែ ប្រសិនបើអ្នកមិនបានយកចិត្តទុកដាក់ដិតដល់ អាចនឹងបង្កឲ្យមានអាការៈឈឺក្បាល ហៀរសំបោរ និងក្ដៅខ្លួនជាដើម ដែលនេះបង្កការរំខានដល់ការតាំងស្មារតីធ្វើការងាររបស់អ្នក។ ខាងក្រោមនេះ ជាវិធីងាយៗ ដែលអាចជួយអ្នកក្នុងការប្រយុទ្ធប្រឆាំងនឹងរោគផ្ដាសាយដោយជោគជ័យ។
១. អ្នកអាចជួបពិគ្រោះជាមួយគ្រូពេទ្យ ព្រោះគ្រូពេទ្យអាចផ្ដល់វេជ្ជបញ្ជាដ៏ត្រឹមត្រូវសម្រាប់រោគសញ្ញាជំងឺរបស់អ្នក។
២. សម្រាកឲ្យបានគ្រប់គ្រាន់ ព្រោះការសម្រាកបានគ្រប់គ្រាន់អាចជួយរាងកាយអ្នកមាំមួនងាយ ប្រយុទ្ធប្រឆាំងនឹងផ្ដាសាយរបស់អ្នកបាន។
៣. ត្រូវរក្សាសំណើមក្នុងខ្លួនអ្នក នេះតម្រូវឲ្យអ្នកញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។ ប្រសិនបើអ្នកមិនចង់ញ៉ាំតែទឹកសាបធម្មតា អ្នកអាចជ្រើសយកទឹកក្រូចឆ្មា ឬភេសជ្ជៈដែលផ្ដល់ជាតិទឹកជំនួសវិញ។
៤. ប្រសិនបើអ្នកក្អួតចង្អោរ ត្រូវជៀសវាងញ៉ាំអាហារដែលរឹង រហូតដល់សុខភាពរបស់អ្នកវិលទៅរកសភាពធម្មតាវិញ។
៥. អ្នកអាចញ៉ាំស៊ុបសាច់មាន់ ឬស៊ុបបន្លែ ឬនំប៊ិស្គីបត៍បានប្រសិនបើអ្នកឃ្លាន ព្រោះអាហារទាំងនេះងាយក្នុងការរំលាយដែលងាយស្រួលដល់មុខងាររំលាយ អាហាររបស់ក្រពះ។
៦. អ្នកអាចឆុងតែលាយជាមួយទឹកឃ្មុំញ៉ាំ ដោយសារការលាយបញ្ចូលគ្នានេះអាចជួយសម្រួលដល់ការឈឺបំពង់កបាន៕