យោធាថៃ ដកហូត លិខិតឆ្លងដែន មុខសញ្ញាសំខាន់ ៦ នាក់
សារព័ត៌មាន Cambodia News/
បាងកក (០១ កក្កដា ២០១៤) ៖ ក្រសួងការបរទេស នៃរបបយោធោថៃ បានធ្វើការដកហូតលិខិតឆ្លងដែន បុគ្គលសំខាន់ ៦ រូប ក្នុងនោះរួមមាន អតីតប្រធានបក្សភឿថៃផងដែរ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ អង្គារ ទី ១ ខែ កក្កដា ឆ្នាំ ២០១៤ នេះ បានចុះផ្សាយឲ្យដឹងថា លោក ស៊ីសក្តិ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសស្តីទី បានថ្លែងថា ក្រសួងការបរទេសថៃ បានធ្វើការដកហូត លិខិតឆ្លងដែន បុគ្គលសំខាន់ ៦ រូប រួមមាន លោក ចារុភុង រឿងសុវណ្ណ អតីតប្រធានបក្សភឿថៃ លោក ចក្រពភ ភែនខែ អតីតរដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី លោក សុនៃ ចុល្លាភុងសាថន អតីតសមាជិកសភាបក្សភឿថៃ និង ក្រុមអ្នកប្រឆាំងការធ្វើរដ្ឋប្រហារ ពីសំណាក់យោធាថៃ បច្ចុប្បន្ន បុគ្គលទាំង នេះ កំពុងភៀសខ្លូននៅបរទេស និង មានដីកាចាប់ខ្លួនពីសំណាក់តុលាការយោធាថៃ។
លោក ស៊ីសក្តិ បានបញ្ជាក់ថា សម្រាប់ករណីលោក ចក្រភព មេដឹកនាំអង្គការសេរីដើម្បីសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ កំពុងស្ថិតក្នុងដំណើរការផ្លូវច្បាប់ ដើម្បីសុំធ្វើបត្យាប័ន (សុំបញ្ជូនអ្នកទោសឆ្លងដែន)។ បច្ចុប្បន្នអាជ្ញាធរ អះអាងថា លោក ចក្រភព កំពុង ស្នាក់នៅ ហុងកុង ដូច្នេះ ក្រសួងបរទេស ថៃ បានស្នើឲ្យអាជជ្ញាធរហុងកុង ចាប់បញ្ជួនខ្លួន លោក ចក្រភព មកកាន់ប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃ និង ហុងកុងគ្មាន សន្ធិសញ្ញា នៃការធ្វើបត្យាប័នរួមគ្នានោះទេ ការបញ្ជួន ឬ មិនបញ្ជួន អ្នកទោសឆ្លងដែន គឺអាស្រ័យលើរដ្ឋាភិបាលនៃប្រទេសនីមួយៗ៕ (ប្រែសម្រួលដោយ៖ dap)