រដ្ឋាភិបាលក្រុងម៉ូស្គូទទួលជួបជាថ្មីលោកកូហ្វ៊ី អាណាន់ពាក់ព័ន្ធនឹងសំណុំរឿងស៊ីរី
បើគិតក្នុង៤ខែចុងក្រោយ លើកនេះជាលើកទី២ ដែលលោកកូហ្វ៊ី អាណាន់ ជា ប្រេសិតអ.ស.ប. និងសម្ព័ន្ធអារ៉ាប់ ខាងរកដំណោះស្រាយដោយសន្តិវិធី ឲ្យវិបត្តិ នៅស៊ីរី អញ្ជើញ ទៅកាន់ក្រុងម៉ូស្គូ។ ថ្ងៃនេះ គាត់ជួបចរចា ជាមួយលោកប្រមុខការទូតរុស្ស៊ី Serguei Lavrov ហើយ ស្អែកគាត់នឹងទទួលជួប ដោយលោកប្រធានាធិបតីពូទីនផ្ទាល់។ សាច់រឿងគឺជុំវិញ ស្ថានការណ៍ នៅស៊ីរី។
ថ្លែងថ្ងៃនេះ ក្នុងសន្និសីទកាសែតមួយខ្លី ក្នុងក្រសួងការបរទេសផ្ទាល់ ឧទ្ទិសដល់ជំនួប ដែលត្រូវប្រព្រឹត្តទៅ ប៉ុន្មានម៉ោងទៀត ជាមួយលោកកូហ្វ៊ី អាណាន់ លោកប្រមុខការទូត រុស្ស៊ី Serguei Lavrov បានបង្ហើបឲ្យដឹងថា បញ្ហាដែលនឹងលើកយកទៅពិនិត្យមើល គឺអំពីដំណើរបំពេញដោយភាគីបដិបក្ខ នៅស៊ីរី តាមផែនការលោកកូហ្វ៊ី អាណាន់ ជា ប្រេសិតអ.ស.ប. និងសម្ព័ន្ធអារ៉ាប់ មាន ៦ចំណុច អនុម័តដោយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ខាងដោះស្រាយ វិបត្តិ នៅស៊ីរី ដោយសន្តិវិធី និងផែនការថ្មីរបស់លោកកូហ្វ៊ី អាណាន់ ដែលត្រូវបានអនុម័ត នៅក្រុង Geneve តម្រូវឲ្យបង្កើតឡើង ជារដ្ឋាភិបាលចម្រុះអន្តរកាល នៅស៊ីរី ហើយដែលចងជាកាតព្វកិច្ច ទៅលើគ្រប់ប្រទេសចុះហត្ថលេខាលើឯកសារនោះ ឲ្យប្រើឥទ្ធិពលខ្លួនទៅលើ គ្រប់ភាគីជាប់ជម្លោះ នៅស៊ីរីបូកទាំងភាគីប្រឆាំងផង ឲ្យគោរពតាមបទឈប់បាញ់ និងឈប់ប្រព្រឹត្តអំពើហិង្សា។
លោក Serguei Lavrov គូសបញ្ជាក់ថា សម្រាប់ម៉ូស្គូ គឺមានតែផែនការ លោកកូហ្វ៊ី អាណាន់ ដែលដក់ជាប់ដោយសមត្ថភាពអាចដោះស្រាយវិបត្តិ នៅស៊ីរី ដោយសន្តិវិធី។ សម្រាប់រុស្ស៊ី ជា ការមិនអាចទទួលយកជាដាច់ខាត គម្រោងនៃសេចក្តីសម្រេច ដាក់ចេញមក ដោយប្រទេសខាងលិចមួយចំនួន ក្នុងក្រុមប្រឹក្សាសន្តិសុខ.អ.ស.ប. ដែល ដោយយោងទៅលើមាត្រាទី ៧ នៃលក្ខន្តិកៈអ.ស.ប. គឺ អាចនាំទៅកាន់ការប្រើកម្លាំងអាវុធទល់នឹងស៊ីរី។
ចំណុចមួយទៀតនៃការពិភាក្សា គឺជុំវិញសំណើរុស្ស៊ី ស្នើឲ្យពន្យារ ៣ខែទៅមុខទៀត អាណត្តិរបស់ពួកអ្នកសង្កេតការណ៍អ.ស.ប. ដែលត្រូវផុត នៅថ្ងៃទី២១កក្កដា ទៅហើយ។
ជាការកត់សម្គាល់ លោក កូហ្វ៊ី អាណាន់ តាមរយៈ សេចក្តីថ្លែងការណ៍ខ្លួន តែងអំពាវនាវ ទាំងរដ្ឋាភិបាលស៊ីរី ទាំងភាគីប្រឆាំង នៅស៊ីរី ឲ្យគោរពតាមបទឈប់បាញ់ ដោយ សង្កត់ធ្ងន់ថា ដំណោះស្រាយ នៅស៊ីរីអាចសម្រេចទៅកើត លុះដោយ សាមីភាគីស៊ីរីផ្ទាល់។ គេនៅចងចាំពីសេចក្តីថ្លែងការណ៍របស់គាត់ ធ្វើ ១សប្តាហ៍មុន សំដែងការងឿងឆ្ងល់ ចំពោះ បទអត្ថាធិប្បាយ ភាគច្រើន ដែលទិតៀនតែប្រទេសរុស្ស៊ី ដោយក្នុងពេលជាមួយគ្នា មិនសូវនិយាយទេ អំពីប្រទេសឯទៀត ដែលក៏បញ្ជូនអាវុធ ផ្តល់លុយ ទៅភាគីប្រឆាំង ហើយ ជះចំហាយទៅលើស្ថានការណ៍ នៅទីនោះតែម្តង។ តាមលោក កូហ្វ៊ី អាណាន់ ប្រទេសទាំងនោះតែងថ្លែងថា ចង់រកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែ ចេះតែធ្វើសកម្មភាព ឯកតោភាគី ក៏ដូចជាពួតដៃគ្នា ដែលផ្ទុយនឹងគោលគំនិតនៃសេចក្តីសម្រេចក្រុមប្រឹក្សា សន្តិសុខ។ ការដែលគេទាំងនោះ ភ្ជង់តែមកលើប្រទេសរុស្ស៊ី ពិតជានាំឲ្យរុស្ស៊ីក្នក់ក្នាញ់ឥតឧបមា៕ (ដោយRFI)