ជំនួប រវាងក្រុមការងារ CPP និង CNRP មិនទាន់ឯកភាពគ្នាទាំងស្រុង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មិថុនា ២០១៤) ៖ ក្នុងជំនួបចរចារយៈពេលជិត២ ម៉ោង របស់ក្រុមការងារនៃគណ បក្សទាំងពីរ នៅវិមាន ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅតែមិនទាន់អាចបញ្ចប់ការខ្វែងគំនិតគ្នានៅឡើយ ទៅ លើការបោះឆ្នោតជ្រើសរើស សមាសភាពរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ក្រោយពេលដែល ដាក់បញ្ចូលស្ថាប័នមួយនេះ ទៅក្នុងជំពូកទី១៥នៃរដ្ឋធម្មនុញ្ញនោះ។
ការមិនទាន់ឯកភាពគ្នាទាំងស្រុង រវាងក្រុមការងារទាំងពីរខាងលើនេះ ដោយសារតែការបោះឆ្នោត ជ្រើសរើស សមាសភាព គ ជ ប គឺខាងគណបក្សសង្គ្រោះជាតិ ទាមទារឱ្យមានការបោះឆ្នោតក្នុងសំឡេង២ភាគ៣ ខណៈ ដែលបក្សប្រជាជនទាមទារ បោះឆ្នោតយកសំឡេង៥០បូក១នោះ។
សមាសភាពនៃកិច្ចជំនួបរវាងគណបក្សទាំងពីរ គឺមានលោកព្រំ សុខា លោកសក់ សេដ្ឋា និងលោក កើត រិទ្ធិ ដែលមកពីគណបក្សប្រជាជនកម្ពុជា រីឯគណបក្សសង្រ្គោះជាតិវិញ គឺមានលោកគួយ ប៊ុនរឿន លោកយ៉ែម ប៉ុញ្ញរិទ្ធិ និងលោកអេង ឆៃអ៊ាង។
សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានផ្អាកការចរចារគ្នាជា បណ្តោះអាសន្ន អស់រយៈ ពេលជាងពីរខែមកហើយបន្ទាប់ពីកិច្ចជំនួបចុងក្រោយនៅថ្ងៃទី១៧ ខែមីនា កន្លងទៅមិនបានចុះសំរុង នឹងគ្នានោះ។
តែយ៉ាងណាក្តីកិច្ចជំនួបនៅថ្ងៃទី១២នេះ ភាគីទាំងពីរ នៅតែមិនទាន់ឯកភាពគ្នាទាំងស្រុងដដែល ដោយភាគីនីមួយៗ ប្រកាន់យកសំឡេង២ភាគ៣ និងភាគីម្ខាងទៀតយកសំឡេង៥០បូក១នោះ៕