ផលប៉ះពាល់ ថ្នាំសម្លាប់សត្វល្អិត ក្នុងបន្លែផ្លែឈើ
សារព័ត៌មាន Cambodia News/
សុខភាព (២០ ឧសភា ២០១៤) ៖ យោងតាមទីភ្នាក់ងារការពារបរិស្ថានបានឱ្យដឹងថា ថ្នាំសម្លាប់ សត្វល្អិតអាចបង្កគ្រោះថ្នាក់ ដល់មនុស្ស សត្វ និងបរិស្ថាន ពីព្រោះវាត្រូវបានផលិតឡើង ដើម្បីសម្លាប់ ឬបំផ្លាញ ចោលសរីរាង្គមានជីវិត។ ថ្នាំសម្លាប់សត្វល្អិតជាសារធាតុ មានប្រសិទ្ធភាពការពារ និងកម្ចាត់សត្វល្អិត ត្រូវបានប្រើប្រាស់ការពារម្ហូបអាហារ ពីបាក់តេរី ការដុះផ្សិត ការពារសត្វល្អិត និងសត្វកកេ។
ដោយមូលហេតុនេះ ថ្នាំសម្លាប់សត្វល្អិតបាញ់ទៅលើបន្លែ ផ្លែឈើ ដែលអ្នកទទួលទានអាច បង្កការប៉ះពាល់មិនល្អ ដល់ប្រព័ន្ធសរសៃប្រសាទមានដូចជា ច្រាលទឹកមាត់ច្រើនហួសប្រមាណ ឈឺក្រពះ ក្អួតចង្អោរ ទល់លាមក និងរាគរុស។
ក្នុងករណីខ្លះ បន្លែផ្លែឈើដែលដាំដុះប្រើថ្នាំសម្លាប់សត្វល្អិត ដើម្បីលក់ធ្វើអាជីវកម្ម អាចបណ្ដាលឱ្យកើតជំងឺមហារីកដោះ។ គ្រោះថ្នាក់កើនឡើងខ្ពស់ដោយបូករួមជាមួយកត្ដាដទៃទៀតដូចជា របៀបរស់នៅប្រចាំថ្ងៃ របបអាហារទទួលទាន និងដំណពូជ។
ការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា ថ្នាំសម្លាប់សត្វល្អិតបំប្លែងប្រព័ន្ធស៊ាំនឹងជំងឺនៅក្នុងខ្លួនសត្វពាហនៈ និងធ្វើឱ្យវាឆាប់កើតជំងឺ។ អ្នកស្រាវជ្រាវបានរកឃើញថា ថ្នាំសម្លាប់សត្វល្អិតអាចកាត់បន្ថយចំនួនកោសិកាឈាមស ដោយធ្វើឱ្យរាងកាយសត្វពាហនៈ មិនអាចសម្លាប់បាក់តេរី និងវីរុសបាន៕