ប៉ះទង្គិចខាងសាសនានៅឥណ្ឌា ស្លាប់ ៣នាក់
សារព័ត៌មាន Cambodia News/
ឥណ្ឌា (១៥ ឧសភា ២០១៤) ៖ មនុស្ស៣នាក់បាត់បង់ជីវិត បន្ទាប់ពីប៉ូលិសបើកការបាញ់ប្រហារដើម្បីបំបែកការប៉ះទង្គិចខាងសាសនា នៅភាគខាងត្បូងឥណ្ឌាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤ ។
អំពើហិង្សាបានកើតឡើងនៅស្រុក Hyderabad រដ្ឋធានី Andhra Pradesh ដែលក្រុមមូស្លីមដណ្តើមកាន់កាប់។
បញ្ហាបានកើតឡើងក្រោយមានមនុស្ស វាយប្រហារទៅលើផ្ទះអ្នកស្រុក និងហាងលក់ទំនិញផ្សេងៗរបស់ជនជាតិដើមដែលមានសាសនាផ្សេងមួយនិង ក្រោយមានពាក្យចរចាមអារ៉ាមថា ទង់សាសនារបស់ពួកគេត្រូវគេដុតនោះ។
មេបញ្ជាការប៉ូលិសក្នុងតំបន់ឈ្មោះ Anand បាននិយាយថា កម្លាំងសន្តិសុខបានប្រកាសបម្រាមគោចរនៅតំបន់នោះ ហើយស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង។ លោកបន្តថា សមត្ថកិច្ចដើមឡើយព្យាយាមបំបែកស្ថានការណ៍ដោយប្រើដំបងឆក់ ប៉ុន្តែគ្មានប្រសិទ្ធភាព ហើយបន្ទាប់មកក៏បើកការបាញ់ដើម្បីបំបែកក្រុមដែលប៉ះទង្គិចគ្នានោះ តែម្តង។
អំពើហិង្សាកើតឡើង ខណៈដែលឥណ្ឌាកំពុងទន្ទឹងរង់ចាំលទ្ធផលបោះឆ្នោតដែលនឹងចេញប្រកាសនៅ ថ្ងៃសៅរ៍ បន្ទាប់ពីការបោះឆ្នោតមួយទ្រង់ទ្រាយធំ និងយូរបំផុតក្នុងពិភពលោក។ គណបក្ស Bharatiya Janata Party (BJP) ដែលដឹកនាំដោយអ្នកកាន់សាសនាហិណ្ឌូ លោក Narendra Modi ត្រូវបានរំពឹងថា នឹងឈ្នះការបោះឆ្នោតនេះ ៕