អាជ្ញាធរវៀតណាមបន្តបង្ក្រាបក្រុមបាតុករ ប្រឆាំងចិន
សារព័ត៌មាន Cambodia News/
វៀតណាម (១៥ ឧសភា ២០១៤) ៖ កាលពីថ្ងៃទី១៣ឧសភា មានក្រុមបាតុករ វៀតណាម រាប់ពាន់នាក់ ប្រមូលផ្ដុំគ្នាក្នុងខេត្ដ បីន ដួង ភាគខាងត្បូងទីក្រុង ហាណូយ ដោយប្រឆាំងទៅនឹងប្រទេសចិន ពាក់ព័ន្ធនឹងការរំលោភលើតំបន់ដែនទឹកវៀតណាម។
ការប្រមូលផ្ដុំ ក៏បានក្លាយជាអំពើហិង្សាកើតឡើង ដោយក្រុមបាតុករទាំងអស់នោះ បានបំបែកគ្នាចូលទៅក្នុងរោងចក្ររបស់បរទេស និងបានវាយកម្ទេចសម្ភារៈ ព្រមទាំងបានប្រមូលយកទំនិញនៅក្នុងរោងចក្រផងដែរ។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហ៊ួរបានឲ្យដឹងថា មិនតែប៉ុណ្ណោះ ពួកគេបានដុតរោងចក្រចំនួន១៥ផងដែរ។ សកម្មភាពរបស់ក្រុមបាតុករដូច្នេះ ធ្វើឱ្យរោងចក្រជាង១ពាន់រោងចក្រ ត្រូវបិទទ្វារ ហើយភាគច្រើននៃរោងចក្រដែលត្រូវបំផ្លាញ និងបិទទ្វារ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគចិនតៃវ៉ាន់។
សូមបញ្ជាក់ថា ការធ្វើបាតុកម្មនេះ កើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវាចិន នឹងវៀតណាម នៅតំបន់កោះជម្លោះ ប៉ារ៉ាសែល និងស្ព្រែតលី ខណៈដែលនាវាចិនកំពុងតែប្រតិបត្ដិការឃួងប្រេង នៅតំបន់ដែនទឹកក្នុងសមុទ្រចិនខាងត្បូងនោះ។
ក្រោយមកវៀតណាមថា ចិនរំលោភលើដែនទឹករបស់ខ្លួន រីឯចិនវិញបានឆ្លើយតបថា គឺវៀតណាមទេដែលជាអ្នករំលោភអធិបតេយ្យភាពដែនទឹករបស់ខ្លួន។ ជម្លោះបានរីករាលដាល រហូតដល់ប្រជាជនវៀតណាមខឹងសម្បារ និងនាំគ្នាតវ៉ាដើម្បីឱ្យចិនដកនាវាចេញពីដែនទឹករបស់ខ្លួន៕