ផ្ទុះអណ្តូងរ៉ែធ្យូង ថ្មនៅតួកគី ស្លាប់ និងរបួស ជាង ៤០០នាក់
សារព័ត៌មាន Cambodia News/
តួកគី (១៤ ឧសភា ២០១៤) ៖ យ៉ាងហោចណាស់ កម្មករអណ្តូង រ៉ែចំនួន ១៦៦នាក់ បានស្លាប់ និង៧៥នាក់ រងរបួស និងជាង ២០០នាក់ ផ្សេងទៀត កំពុងជាប់នៅខាង ក្នុងអណ្តូង ក្រោយឧបទ្ទវហេតុ ផ្ទុះអណ្តូងរ៉ែមួយ បានកើតឡើង នៅខេត្ត ម៉ានីសា ភាគខាងលិចប្រទេស តួកគី កាលពីម្សិលមិញ ។
ប្រធានគ្រប់គ្រង គ្រោះមហន្តរាយ និងសង្រ្គោះបន្ទាន់របស់តួកគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការផ្ទុះនោះបានកើតឡើង នៅកន្លែងជីកយករ៉ែឯកជន មួយកន្លែងនៅស្រុក សូម៉ា របស់ខេត្ត ម៉ានីសា។
ចំណែកខាងក្រុមហ៊ុនជីកយករ៉ែ ដែលជាប្រតិបត្តិករអណ្តូងរ៉ែនោះ ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគ្រោះថ្នាក់នេះផងដែរ ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនៃកម្មករដែលជាប់ក្នុងអណ្តូងរ៉ែនេះ នោះទេ ។
របាយការណ៍ពាក់ព័ន្ធនឹងការផ្ទុះបានបង្ហាញថាភ្លើងបានឆាបឆេះបន្ទាប់ពីការផ្ទុះដែលបង្កឡើង ដោយកំហុសអគ្គិសនី។ កម្មករជិត ៦០០នាក់ ធ្វើការនៅខាងក្នុងអណ្តូងរ៉ែនេះហើយខណៈពេល ដែលកម្មករកំពុងផ្លាស់ប្តូរវេនធ្វើការនោះ ក៏កើតឡើងករណីផ្ទុះនេះតែម្តង ជាមួយគ្នានោះដែរ មានកម្មករត្រឹមតែ ២៨០នាក់ប៉ុណ្ណោះ ដែលមានសំណាងរត់គេចខ្លួនបាន ៕