ច្បាប់ចរាចរណ៍ថ្មី នឹងផាកពិន័យអ្នកមិនពាក់មួកសុវត្ថិភាព១៥០០០រៀល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ ឧសភា ២០១៤ )៖ សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការសហការរួមគ្នាបង្កើតដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រសួងសាធារណការ បានផ្ញើទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីជួយពិនិត្យបន្ថែម ហើយនាពេលនេះត្រូវបានបញ្ជូនត្រលប់មកវិញហើយ។
តំណាងគណៈកម្មាធិការសុវត្ថិភាពផ្លូវគោក លោកឈួន វ៉ុន បានឲ្យដឹងថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងតម្រូវឲ្យផាកពិន័យចំពោះអ្នកបើកបរម៉ូតូដែលមិនពាក់មួក សុវត្ថិភាព ជាទឹកប្រាក់ចំនួន១៥០០០រៀល ពោលគឺគុណ៥ដងនៃច្បាប់ចាស់ ដែលផាកពិន័យត្រឹមតែ៣០០០រៀល។
គួរបញ្ជាក់ថា ច្បាប់ថ្មីនេះ ក៏នឹងតម្រូវឲ្យម៉ូតូមួយ ជិះគ្នាតែបីប៉ុណ្ណោះ រួមមានឪពុក-ម្ដាយ និងកូនតូចម្នាក់ ហើយក្នុងចំណោមអ្នកជិះម៉ូតូទាំងបីនាក់ ត្រូវតែពាក់មួកសុវត្ថិភាពទាំងអស់គ្នា៕