មេបញ្ជាការកងទ័ព ថៃ ជំទាស់ការប្រើប្រាស់កងទ័ពដោះស្រាយបញ្ហា
សារព័ត៌មាន Cambodia News/
ថៃ (៣០ មេសា ២០១៤) ៖ មេបញ្ជាការកងទ័ពជាន់ខ្ពស់ថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា បាននិយាយកាលពីថ្ងៃទី២៩ខែមេសាថា ភាគីទាំងអស់នៅក្នុងប្រទេសថៃ គួរតែរួបរួមគ្នាដើម្បីទប់ស្កាត់ភាពចលាចលនៅក្នុងប្រទេស មិនត្រូវប្រើប្រាស់មធ្យោបាយជាលក្ខណៈគំរាមកំហែងនោះទេ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា លោក ប្រាយុទ្ធ ចាន់អ៊ូចា បានចាត់វិធានការតាមផ្លូវច្បាប់ ព្រមានទៅភ្នាក់ងារសារព័ត៌មានមួយចំនួនផងដែរ ដែលចោទលោកថា មិនបានរួមចំណែកនៅក្នុងការដោះស្រាយបញ្ហា ដោយសារតែលោកទទួលបាននូវផលប្រយោជន៍ផ្ទាល់ខ្លួន។
លោកសង្កត់ធ្ងន់ថា កងទ័ពគឺឈរនៅចំកណ្ដាល មិនមែនភាគីណាក៏អាចបញ្ជាបាននោះទេ ហើយគ្មាននរណាម្នាក់អាចទិញទឹកចិត្ដកងទ័ពបានឡើយ។ បន្ថែមពីលើនោះ លោកក៏បានព្រមានទៅក្រុមដទៃទៀត ឱ្យមានការអត់ធ្មត់និងទប់ស្កាត់ឱ្យបាននូវការបង្កចលាចល ដើម្បីកុំឱ្យជម្លោះកាន់តែរីករាលដាលខ្លាំងជាងនេះ៕