ស្ថានភាពជំងឺយាយខ្លីនៅតែធ្ងន់ធ្ងរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៤) ៖ អ្នកចម្រៀងអាយ៉ៃនិងជាតារាកំប្លែងអ្នកស្រី នេត្រ ផល្លី ហៅយាយខ្លី នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ បន្ទាប់ពីអ្នកស្រីបានធ្លាក់ខ្លួនឈឺធ្ងន់នាពេលចុងក្រោយរហូត ចូលសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ ម៉ែតអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
បើ ទោះបីជាទទួល បានការតាមដាន ពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិតយ៉ាងណា ក្តី ក៏ជំងឺពុកឆ្អឹងរបស់តារាកំប្លែងស្រីវ័យជ្រេក្នុងក្រុមនាយកុយ យាយខ្លី ហាក់មិនទាន់មានពន្លឺ វិលមករកភាពប្រសើរជាក្តីសង្ឃឹមសម្រាប់កូនចៅ និងក្មួយៗនៅឡើយ។
ហេតុ ដែលនាំឲ្យសុខភាពតារាសិល្បៈជើងចាស់ ទទួលបានជ័យលាភីលេខ១ផ្នែកចម្រៀងអាយ៉ៃ ក្រោយទសវត្សរ៍ឆ្នាំ៩០ ដុនដាបឈានដល់ដំណាក់កាលកូនៗពោលពាក្យអស់សង្ឃឹមនោះ គឺក្រោយពីជំងឺពុកឆ្អឹង គាត់ធ្វើទុក្ខទួញស្រែកព្រោះឈឺអស់ពេញខ្លួនប្រាណវង្វេងវង្វាន់ លែងដឹងអីនិងមិនអាច ហូបបាយ បាន ហើយគិតតែស្រែកឈឺនៅពេលដែលដឹងខ្លួនម្តងៗ និងពឹងទាំងស្រុងលើអុកស៊ីហ្សែន និងសេរ៉ូម ។
កូនស្រី ម្នាក់ ក្នុង ចំណោមកូនៗទាំង៥ បានឲ្យដឹងថា ម្តាយអ្នកស្រី( យាយខ្លី ) មិនអាចកម្រើកបានឡើយ ដោយសារតែសភាពនៃឆ្អឹងពុកនៅត្រង់ត្រគាក និងនៅបរិវេណផ្សេងនោះ មានសភាពពុកផុយខ្លាំង។ អ្នកស្រីបញ្ជាក់ដែរថា ឆ្អឹងដែលពុកនោះ បានបង្កឲ្យគាត់ឈឺចាប់ សូម្បីតែកម្រើកក៏ស្ទើរមិនបាន ពិសេសនៅពេលមានមនុស្សទៅប៉ះ ឬទៅអង្រួនរង្គើ គឺរឹតតែធ្វើឲ្យគាត់ស្រែកយំដូចត្រូវគេវាយ។
កូន យាយខ្លីបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យមុននេះ បានទាមទារឲ្យមានការវះកាត់ ប៉ុន្តែដោយសារពិនិត្យឃើញថា គាត់មានជំងឺទឹកនោមផ្អែមនោះ ទើបក្រុមគ្រូពេទ្យ ដំអក់ ហើយមិនដឹងថាត្រូវជួយសង្គ្រោះគាត់យ៉ាងម៉េចពាក់ព័ន្ធនឹងឆ្អឹង ពុក នេះ។ មកទល់ពេលនេះគាត់ក៏វង្វេងវង្វាន់ច្រើនជាងចងចាំ ព្រោះថ្នាំស្ពឹកដែលបំបាត់ការឈឺចាប់នោះ ភាគច្រើនបានធ្វើឲ្យគាត់សន្លប់ស្ងៀម និងវង្វេងមិនស្គាល់សូម្បីតែកូនៗ៕