ក្រុមអាវក្រហម នឹងជួបជុំគ្នា ដើម្បីគាំទ្រ រដ្ឋាភិបាលសាជាថ្មី
សារព័ត៌មាន Cambodia News/
ថៃ (២៨ មេសា ២០១៤)៖ យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ចន្ទ ទី ២៨ ខែ មេសា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក ណាត្ថាវុធ សៃក្លឿ អនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និង មេដឹកនាំចលនាប្រជាជន ប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ ឬ ក្រុមអាវក្រហម បានថ្លែងថា សកម្មជនក្រុមអាវក្រហមទូទាំងប្រទេស នឹងធ្វើការជួបជុំទ្រង់ទ្រាយធំ ដើម្បីប្រឆាំងរបបផ្តាច់ការ គាំទ្ររដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅថ្ងៃទី ៦ ខែ ឧសភា ខាងមុខនេះ។
លោក ណាត្ថាវុធ អះអាងថា ការជួបជុំគ្នា លើកនេះ គ្មានការដើរដង្ហែរក្បួន តាមគោលដៅនោះទេ ព្រោះខ្លាចក្រែងការប្រឈមមុខដាក់គ្នា ឈានទៅរកការផ្ទុះហឹង្សា រវាងក្រុមអាវក្រហម និង ក្រុមប្រឆាំងរដ្ឋាភិបាល ដែលដឹកនាំដោយលោក ស៊ូថេប ថងស៊ូបាន។
ការជួបជុំគ្នាមានការអូសបន្លាយ ឬ អត់នោះ? គឺអាស្រ័យលើ ស្ថានការណ៍ជាក់ស្តែង ថាតើយោធា ធ្វើរដ្ឋប្រហារ ឬ គាំទ្រក្រុមប្រឆាំង ដែរ ឬទេ? ទន្ទឹមគ្នានោះទេ នៅថ្ងៃទី ៧ ខែ ឧសភា តុលាការធម្មនុញ្ញថៃ នឹងជំនុំជំរៈក្តី ករណី នាយករដ្ឋមន្រ្តី យីងឡាក់ ផ្លាស់ប្តួរតំណែងជាន់ខ្ពស់ ដែលតុលាការ អាចនឹងសម្រេចឲ្យបញ្ចប់តួនាទី ជានាយករដ្ឋមន្រ្តី ដែលកត្តានេះហើយ ធ្វើឲ្យក្រុមអាវក្រហម ក្រោកឡើងតស៊ូដល់ទីបញ្ចប់៕