ពុទ្ធបរិស័ទអបអរសាទរ និងគាំទ្រការរៀបចំរចនាសម្ពន្ធវត្តពោធិលង្កាខេត្តសៀមរាប ឡើងវិញ

សារព័ត៌មាន Cambodia News/

កន្លងមក មន្ត្រីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តសៀមរាប បានប្រកាសរំសាយ តាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ចប់តួនាទីព្រះចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង វិន័យធរវត្តពោធិលង្កា ព្រមទាំងរំសាយ ការគង់នៅ ស្នាក់នៅរបស់ព្រះសង្ឃតាជី យាយជី និងសិស្សនិស្សិត ក្មេងវត្តទាំងអស់ ដោយរៀបចំឱ្យគង់នៅតាមបណ្តាវត្តមួយចំនួនក្នុងក្រុង ដោយរង់ចាំសេចក្តីសម្រេចជាថ្មីពីគណៈសង្ឃនាយក។

ចំពោះ មូលហេតុនៃសេចក្តីសម្រេចនេះ ដោយសារការបែកបាក់បែងចែកចេញជាបួនក្រុម នៅក្នុងវត្តតែមួយ។ ទាំងបួនក្រុមនេះ មានវិវាទអធិករណ៍ជាមួយគ្នាយ៉ាងធ្ងន់ធ្ងរ ដោយពុំអាចផ្សះផ្សារបាន ហើយក្រុមទាំងនេះមានបញ្ហាពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ដូចជាការប្រើប្រាស់និងជួញដូរគ្រឿងញៀន ប្រព្រឹត្តអបាយមុខ ស្រី ស្រា ល្បែងអនាធិបតេយ្យហួសនឹងថ្លែង។ ទាំងនេះគឺជាមូលហេតុដើមចម ដែលនាំឱ្យគណៈសង្ឃធ្វើការរំសាយ។

លើសពីនេះទៅទៀត ការរំសាយរចនាសម្ព័ន្ធគ្រប់គ្រងវត្ត និងភិក្ខុសាមណេរ ទាំងអស់នៅក្នុងវត្ត ព្រោះដោយសារតែការប្រកាន់បក្សពួកក្នុងក្រុមនីមួយៗ បានធ្វើឱ្យក្នុងវត្តមានភាពរញ៉េរញ៉ៃមិនអាចសម្របសម្រួលបាន ហើយពុទ្ធបរិស័ទអស់ជំនឿក្នុងការធ្វើបុណ្យទាននិងអស់សទ្ធាក្នុងការចូលមកកាន់វត្តដើម្បីធ្វើការគោរពបូជា។

ដូច្នេះហើយ ទើបត្រូវតែនិមន្តចេញទាំងអស់ ដើម្បីរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងវត្ត បន្ទាប់មកនឹងនិមន្តព្រះសង្ឃឱ្យត្រលប់មកគង់និងបន្តការសិក្សារៀនសូត្រនៅវត្តនេះឡើងវិញ។

នាពេលបច្ចុប្បន្ននេះការរៀបចំរចនាសម្ព័ន្ធវត្តត្រូវបានធ្វើឡើងវិញហើយ ការណ៍នេះបានធ្វើឱ្យពុទ្ធបរិស័ទអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ដែលពួកគាត់ទន្ទឹងរង់ចាំចំណាត់ការនេះ យ៉ាងអន្ទះសារអស់ពេលជាង១០ឆ្នាំមកហើយ៕

Related Articles

Back to top button
Close
Close