ថាក់ស៊ីន ត្រៀមរួចរាល់សម្រាប់ការលះបង់ដ៏ធំធេងមួយ
សារព័ត៌មាន Cambodia News/
ថៃ (២២ មេសា ២០១៤) ៖ តាមការបញ្ជាក់ពីជំនួយការរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឱ្យដឹងថា លោក ថាក់ស៊ីន ដែលជាអតីតនាយករដ្ឋមន្ដ្រីថៃ ដែលត្រូវបានគេនិរទេសកាលពីឆ្នាំ២០០៦នោះ បានត្រៀមរួចរាល់ហើយ សម្រាប់ការលះបង់ដ៏ធំធេងមួយ ដោយឱ្យក្រុមគ្រួសាររបស់លោក បញ្ចប់តួនាទីជាអ្នកនយោបាយ។
ការលះបង់នេះ អាចធ្វើឱ្យប្រទេសថៃងាកចេញពីភាពជាប់គាំងនយោបាយ ដែលមានរយៈពេលជាយូរណាស់មកហើយ។ ជាការឆ្លើយតបនឹងទង្វើនេះ លោកក៏សូមស្នើឱ្យភាគីដទៃទៀត ត្រូវគោរពច្បាប់របស់ប្រទេសផងដែរ។
លោក ថាក់ស៊ីន បានបញ្ជាក់ថា ឬសគល់នៃបញ្ហាដែលកើតឡើងនៅក្នុងប្រទេសថៃកន្លងមក មិនមែនកើតចេញពីរូបលោកឡើយ គឺដោយសារតែការបរាជ័យក្នុងការគោរពច្បាប់ និងគោរពការសម្រេចចិត្ដរបស់ប្រជាជន តាមរយៈការបោះឆ្នោត។
ដូច្នេះ ការលះបង់ដោយឱ្យក្រុមគ្រួសាររបស់លោកបញ្ចប់អាជីពជាអ្នកនយោបាយ អាចនឹងធ្វើឱ្យប្រទេសជាតិទាំងមូលផ្លាស់ប្ដូរទៅមុខបាន ប៉ុន្ដែអ្នករាល់គ្នាក៏ត្រូវមានការលះបង់ដែរ។ វាពិតជាមិនអាចទៅរួចឡើយ ប្រសិនបើលោកបញ្ចប់តួនាទីជាអ្នកនយោបាយហើយ ប៉ុន្ដែលោក ស៊ូថេប នៅតែអនុញ្ញាតឱ្យក្រុមបាតុកររបស់លោក ទៅរំខានការបោះឆ្នោតទៀតនោះ៕