ខឹងកូនតមាត់ឪពុកចិត្តតិរច្ឆានទាញកាំបិតត្នោតអា.កសម្លាប់
ក្រោយត្រឡប់មកពីឡើងត្នោតវិញ បុរសជាឪពុកឃ្លានបាយក៏ប្រើឲ្យកូនប្រុសដាំបាយ ហើយរអ៊ូរទាំជេរបញ្ចោរ ពេលនោះកូនស្រីតបមាត់ទៅវិញ ក៏ស្រាប់តែឪពុកចិត្តយក្ស ស្ទុះទៅយកកាំបិតត្នោតយកមកអារ.កកូនដាច់សរសៃបំពង់ខ្យល់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃទី ១៦ កក្កដា ២០១២ វេលាម៉ោង១៩ និង១៥នាទីយប់ ស្ថិតក្នុងភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។
តាមប្រភពពីអ្នករស់នៅជិតខាងបានឲ្យដឹងថា ឃាតកដែលជាឪពុកឈ្មោះប៉េង ពឿន អាយុ៥០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានមុខរបរធ្វើស្រែផង និងឡើងត្នោតផង។ ចំណែកកូនស្រីដែលជាជនរងគ្រោះមានឈ្មោះប៉េង ចរិយា អាយុ២៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើជាមួយឪពុក។
មុនពេលកើតហេតុ ពេលដែលបុរសជាឪពុកត្រឡប់មកឡើងត្នោតវិញឃ្លានបាយ តែកូនគាត់ពុំទាន់ដាំ គាត់ក៏ប្រើឲ្យកូនប្រុសអាយុ១៣ឆ្នាំដាំបាយ ហើយក៏ស្រែកឡូឡា ខណៈកូនស្រីជាជនរងគ្រោះឈ្មោះប៉េង ចរិយា អាយុ២៦ឆ្នាំ ក៏តបវិញថា ពុកឯងចេះតែឡូឡាថាឲ្យគេ ពេលនោះឪពុកចិត្តតិរច្ឆានខឹងក៏ស្ទុះទៅទាញយកកាំបិតត្នោតពីក្នុងស្រោម ហើយចាប់ក្របួចសក់ក្បាលកូនទាញ់យកមកអារក១កាំបិតដាច់សរសៃបំបង់ខ្យល់ ប្រកាច់បាញ់ឈាមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ពាក់ព័ន្ធទៅនឹងករណីនេះសមត្ថកិច្ច ប៉ូលិសស្រុកស្ទោងបានឲ្យដឹងថា ជនល្មើសជាឪពុក កំពុងត្រូវកំលាំងចុះស្រាវជ្រាវដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ចំណែកសាកសពកូនស្រីដែលជាជនរងគ្រោះឈ្មោះប៉េង ចរិយា ត្រូវតម្កល់ធ្វើបុណ្យនៅផ្ទះកើតហេតុ៕