កម្ពុជា​ធ្វើ​នំ​អន្សម​យក្ស​ទម្ងន់​ ២​តោនដា​ក់​តាំង​នៅ​មុខ​អង្គរ​

សារព័ត៌មាន​ Cambodia News​/

សៀមរាប (១១ មេសា ២០១៤) ៖  នំអន្សមខ្នាត​យក្ស​មួយ​នឹង​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅក្នុង​ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ២០១៤ ចំ ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នៅ​ខេត្ត​សៀមរាប  នឹង​ត្រូវ​បាន​គេ​ដាក់​តាំង​​​នៅ​មុខ​ច្រក​ចូល​ប្រាសាទ​អង្គរវត្ត ដើម្បី​​បង្ហាញឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល និង​បាន​ឃើញ​ពី​និមិត្តរូប​នៃ​នំ​របស់​ប្រទេស​កម្ពុជា​។

20140410_20aលោក ចាន់ សុធា អគ្គនាយករង​នៅ​សណ្ឋាគារ​វិចតូរៀអង្គរ ដែល​ជា​អ្នក​គ្រប់គ្រង​ដំណើរការ​ផលិត​នំ​នេះ បាន​ឲ្យ​ដឹង​ថា នំអន្សម ខ្នាតយក្ស​នោះ នឹង​ត្រូវ​ផលិត​ឡើង​តាម​របៀប​នៃ​ការ​ធ្វើ​នំអន្សម​ធម្មតា តែ​សង្វាក់​នៃ​ការ​ផលិត​ខុស​គ្នា​។

លោក ចាន់ សុធា បន្តថា នំអន្សម​នោះ មាន​ប្រវែង​៥​ម៉ែត្រ ទទឹង​១​ម៉ែត្រ និង​កម្ពស់​១​ម៉ែត្រ ដោយ​ការ​ផលិត​ត្រូវ​ចំណាយ​អង្ករ​អស់ ៦០០ គីឡូក្រាម សណ្តែក ១៨០​គីឡូក្រាម សាច់ជ្រូក ២៥០​គីឡូក្រាម និង​ត្រូវ​ប្រើ​ស្លឹក​ចេក​អស់​៣៣៣​គីឡូក្រាម ព្រម​ទាំង​គ្រឿងផ្សំ​ជាច្រើន​សិប​គីឡូ​ទៀត។

លោក សុធា ឲ្យ​ដឹង​ថា នំអន្សម​យក្ស​នេះ នឹង​មាន​ទម្ងន់​រហូត​ដល់​ទៅ ២០០០​គីឡូ ស្មើ​២​តោន​។ នំ​នេះ នឹង​ត្រូវ​ហែ​ទៅ​ដាក់​តាំង​នៅ​មុខ​អង្គរ​នៅ​ថ្ងៃ​ទី​១៣ ហើយ​នឹង​ធ្វើ​ពិធី​សម្ពោធ កាត់​ឲ្យ​ភ្ញៀវ​ទទួលទាន​នៅ​ថ្ងៃ​ទី​១៤ ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន។ លោក ចាន់ សុធា បាន​ឲ្យ​ដឹង​ថា នំ​នេះ​អាច​ហូប​បាន​ចំនួន​២៥០០០​នាក់​ឯណោះ​៕

Related Articles

Back to top button
Close
Close