ពេជ្រ សោភា ច្រានចោលដំណឹង ភ្ជាប់ពាក្យ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១១ មេសា ២០១៤) ៖ ថ្មីៗនេះ មានប្រភពពីអ្នកសិល្បៈ នៅជិតដិតតារាចម្រៀង កញ្ញា ពេជ្រ សោភា ដោយសុំមិនបញ្ចេញ ឈ្មោះបានបង្ហើបឲ្យដឹងថា ក្នុងមួយរយៈពេលក្រោយ ពេជ្រ សោភា កំពុងតែញាប់ដៃញាប់ជើង ក្នុងការរៀបចំ កម្មវិធីភ្ជាប់ពាក្យរបស់នាង ជាមួយបុរស អាណិកជនខ្មែរម្នាក់ រស់នៅអាមេរិក មុនឱកាសបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ ។
បើតាមប្រភព ខាងលើ បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីល្បីឈ្មោះ មួយដួងក្នុងផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា និងក្រុមគ្រួសារកំពុងតែត្រៀម រៀបចំពិធីភ្ជាប់ពាក្យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤នេះ ដោយកម្មវិធី នាងរៀបចំជាលក្ខណៈ បែបធម្មតាមិនសូវជាធំដុំប៉ុន្មានទេ ដោយសារតែម្ចាស់សាម៉ីខ្លួន មិនចង់ធ្វើឲ្យមានការភ្ញាក់ផ្អើល និងរំខានភ្ញៀវច្រើនដង ។
ទា ក់ទងទៅនឹង ការលើកឡើងព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា ពេជ្រ សោភា ចេញមុខបកស្រាយឲ្យដឹងថា នាងពិតជាមានការភ្ញាក់ផ្អើលណាស់ ដែលនៅសុខៗ បែរជាមានព័ត៌មានលេចឮថា នាងត្រៀមភ្ជាប់ពាក្យ ទាំងដែលនាង និងគ្រួសារគ្មានអ្នកណា ដឹងម្នាក់សោះ។ តែអ្វីដែលប្លែកចិត្តនោះ គឺអ្នកដទៃបែរជាដឹងច្បាស់ ជាងនាងទៅទៀត ។
ជាមួយគ្នានេះ ពេជ្រ សោភា បានព្រលយសម្តី មិនពេញចិត្តថា នាងពិតជាមានអារម្មណ៍ហត់នឿយ កាលដែលចេញមុខ បកស្រាយលើរឿងមិនពិត។ នាងសង្ឃឹមថា អ្នកដែលយករឿង នាងទៅនិយាយនោះ គួរតែកែទម្លាប់ ទៅនិយាយ តែរឿងពិតវាល្អជាង បើសិនជាល្អកុំចេះដឹងរឿងគេ តែម្តងទៅក៏បានដែរ រឿងរបស់នាង គឺនាងចេះលៃលកហើយ ៕