សាលារាជធានីភ្នំពេញ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងថ្ងៃចូលឆ្នាំថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១០ មេសា ២០១៤)៖ សាលារាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ។
សេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០៩ ខែមេសា ឲ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខ សាលារាជធានី អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស យុវជន-យុវនារី សិស្ស-និស្សិត កម្មករ-កម្មការនីទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ។
សេចក្តីជូនដំណឹង បន្តថា ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាឲ្យបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងជៀសវាងដាច់ខាត ការលេងបាញ់ទឹក ជះទឹក លាបធ្យូង ប៉ាតម្ស៉ៅ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូប្រដេញ គ្នាលេងតាមដងផ្លូវ ដែលនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរសក្កិសមជាកុលបុត្រ កុលធីតាខ្មែរ៕