ផ្ទុះគ្រាប់បែក នៅក្បែរ ក្រសួង មហាផ្ទៃថៃ រងរបួស ២នាក់
សារព័ត៌មាន Cambodia News/
បាងកក (០៩ មេសា ២០១៤) ៖ យ៉ាងហោចណាស់ មនុស្ស២នាក់ រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក នៅក្បែរក្រសួងមហាផ្ទៃ ក្នុងក្រុងបាងកក កាលពីយប់មិញនេះ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ៩ ខែ មេសា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា អាជ្ញាធរថៃ បាន រាយការណ៍ថា នៅវេលាម៉ោង ៦ ល្ងាចម្សិលមិញនេះ មានកើតហេតុការណ៍ ផ្ទុះគ្រាប់បែកកែច្នៃ នៅបរិវេណក្បែរក្រសួង មហាផ្ទៃ ក្នុងក្រុងបាងកក បណ្តាលឲ្យប្រជាពលរដ្ឋ ២នាក់ រងរបួស ត្រូវបានសមត្ថកិច្ចដឹកបញ្ជួន ទៅជួយសង្គ្រោះនៅ មន្ទីរពេទ្យ ក្បែរកន្លែងកើតហេតុ។
សមត្ថកិច្ចថៃ បានថ្លែងថា នៅព្រឹកនេះក្រុមជំនាញផ្នែកដោះមីន បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និង តំបន់ក្បែរបរិវេណ ក្រសួងមហាផ្ទៃ ដើម្បីកំណត់មុខសញ្ញាជនល្មើស។ មន្រ្តីដោះមីន បានអះអាងថា គ្រាប់បែកកែច្នៃ ដែលជនល្មើសប្រើប្រាស់ នេះ ស្រដៀងគ្នានឹងប្រភេទគ្រាប់បែក ដែលក្រុមសកម្មប្រយុទ្ធ ប្រើប្រាស់នៅខេត្តភាគខាងត្បួងប្រទេសថៃ៕