នាយករដ្ឋមន្ត្រី អំពាវនាវកុំឲ្យទំនិញ និងសេវាកម្មផ្សេងៗឡើងថ្លៃស្របពេលចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មេសា ២០១៤) ៖ ក្នុងពិធីប្រគល់សញ្ញាប័ត្រជូននិស្សិត វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី០៨ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន អំពាវនាវឲ្យម្ចាស់សណ្ឋាគារ ឬផ្ទះសំណាក់និងក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូននានាឲ្យរក្សាស្ថិរភាព តម្លៃសេវាដល់អតិថិជន ក្នុងអំឡុងពិធីចូលឆ្នាំខ្មែរខាងមុខនេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទាក់ទងនឹងវិស័យទេសចរណ៍ អាជីវកម្មតែងឆ្លៀតឱកាសបង្កើនតម្លៃសេវាកម្ម ដើម្បីបានប្រយោជន៍នៅពេលតម្រូវការកើនឡើងក្នុងអំឡុងពេលចូលឆ្នាំ ខ្មែរ ដូច្នេះលោកសូមអំពាវនាវទៅដល់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ ដូចជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនបម្រើសេវាដឹកជញ្ជូននានា ឲ្យរក្សាតម្លៃសេវាដដែលដល់អតិថិ។
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយរបស់ កម្ពុជា ហើយនៅឆ្នាំនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃ ទី១៤ ដល់ ១៦ ខែមេសា។ បុគ្គលិកតាមស្ថាប័នរដ្ឋ និងឯកជន កម្មកររោងចក្រត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកពីការងារជិតមួយ សប្តាហ៍។
ថ្មីៗនេះដែរ ក្រុមអ្នកដំណើរ បានត្អូញត្អែរ ដោយសារក្រុមហ៊ុនរថយន្តក្រុងមួយចំនួន បានដំឡើងថ្លៃខុសពីថ្ងៃធម្មតា ខណៈបុណ្យចូលឆ្នាំប្រពៃណីជាតិ ខិតជិតមកដល់នាពេលខាងមុខនេះ។ ការត្អូញត្អែរនេះ ធ្វើឡើងស្របពេលពលរដ្ឋខ្មែរជាប់ខ្សែចិន-វៀតណាម សម្រុកទៅស្រុកកំណើតដើម្បីសែនផ្នូរ ឬហៅថាឆេងម៉េងនោះ៕