រញ្ជួយដីនៅចិន របួស ៣២នាក់ ខណៈប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តនៅឡើយ
សារព័ត៌មាន Cambodia News/
គួនមីង (០៨ មេសា ២០១៤) ៖ អាជ្ញាធរក្នុងតំបន់របស់ចិន បាននិយាយកាលពីថ្ងៃអាទិត្យ ទី០៦ ខែមេសាថា រញ្ជួយដីកម្រិត ៥,៣រ៉ិកទ័រ បានវាយប្រហារខេត្ត យូណាន់ ស្ថិតនៅភាគនិរតីប្រទេសចិន កាលពីព្រឹកថ្ងៃសៅរ៍ បណ្តាលរងរបួសមនុស្ស ៣២នាក់ និងប៉ះពាល់ដល់ផ្ទះសម្បែងចំនួន ៧១.២០០ខ្នង។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីរាត្រីថ្ងៃអាទិត្យ ដោយផ្អែកតាមការលើកឡើង របស់មន្រ្តីការិយាល័យព័ត៌មានចិន ប្រាប់ស៊ិនហួថា ក្នុងចំណោមអ្នកដែលរងរបួសទំាងអស់មាន ០៥នាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ខណៈប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្តនៅឡើយ នៅថ្ងៃអាទិត្យ នៅខេត្ត យ៉ុងសាន។
ក្នុងប្រតិបត្តិការជួយសង្គ្រោះនោះដែរ រដ្ឋាភិបាលបានចែកចាយតង់ចំនួន ២.១៥០តង់, ភួយមួយចំនួនធំ ម្ហូបអាហារ ទឹក ទៅដល់ជនរងគ្រោះ ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន។ មន្រ្តីចិនបាននិយាយទៀតថា រញ្ជួយដីបានកើតឡើងកាលពីវេលាម៉ោង ០៦៖៤០នាទីព្រឹកថ្ងៃសៅរ៍ ដោយបានប៉ះពាល់ដល់ លំនៅដ្ឋានចំនួន ៧១.២០០ខ្នង ចំណែកប្រជាជនចំនួន ២១.០០០នាក់ ត្រូវផ្លាស់ទីលំនៅ។
ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនេះ ក៏បានបណ្តាលខូចខាតដល់ សាលារៀនចំនួន ៤៨ ដែលនៅក្នុងទីក្រុងចំនួន០៦ ចំណែកផ្លូវថ្នល់ ប្រព័ន្ធអគ្គីសនី ដែលត្រូវបានកាត់ផ្តាច់ ដោយសាររញ្ជួយដីនេះ ក៏បានដំណើរការជាធម្មតាឡើងវិញផងដែរ គិតមកដល់ម៉ោងនេះ ជាមួយគ្នានោះ ក្រុមសង្គ្រោះចំនួន ១.៣០០នាក់ កំពុងរុករកជនរងគ្រោះ នៅតាមគំនរថ្មបាក់បែក រួមទំាងជួសជុលផ្លូវដែលខូចខាតឡើងវិញ៕