សាលាដំបូង បន្តឃុំខ្លួន លោក វន់ ពៅ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (០៤ មេសា ២០១៤) ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបដិសេធជាថ្មី លើពាក្យសុំនៅក្រៅឃុំបណ្តោះ អាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយថា ការដោះលែងលោក អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងមិនមានឯកសារគ្រប់គ្រាន់បញ្ជាក់ថាលោកមានជំងឺ។
បន្ទាប់ពីបើកសវនាការរយៈពេលជិតមួយម៉ោង ដោយអវត្តមានលោកវន់ ពៅ នោះ សាលា ដំបូងរាជធានីភ្នំពេញ បានបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នលើកទី៣ របស់លោកវន់ ពៅ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងសមត្ថកិច្ច និងកម្មករ កាលពីដើមខែមករា កន្លងទៅ។
ការបដិសេធពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ននេះ ធ្វើឡើងមុនពេលដែលសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជាសាធារណៈ ជំនុំជម្រះក្តីលើសំណុំរឿងលោកវន់ ពៅ និងជនជាប់ចោទទាំង ២២នាក់ទៀត នៅថ្ងៃទី១៨ ខែមេសា ខាងមុខនេះ៕